លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះបានការពារចំពោះការរុះរើគណៈរដ្ឋមន្រ្តីរបស់លោក ខណៈដែលមានការរិះគន់ថាកំណែទម្រង់នេះធ្វើឡើងមិនទាន់ចំគោលដៅដែលពលរដ្ឋចង់បាន។
ក្នុងពិធីប្រកាសដាក់អោយអនុវត្តដំណាក់កាលទី៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:នៅព្រឹកថ្ងៃទី២១ខែមិនានេះ លោក ហ៊ុន សែន បានឆ្លើយតបចំៗទៅលើមេដឹកនាំគណបក្សប្រឆាំងនិងអ្នកវិភាគដែលបានរិះគន់ការរុះរើគណៈរដ្ឋមន្រ្តីដែលដាក់មនុស្សដដែលនោះ។
លោក ហ៊ុន សែន បានលើកឡើងថា៖ “ការរើរុះគណៈរដ្ឋមន្រ្តីគេទៅធ្វើអត្ថាធិប្បាយថាមុខដដែលៗ ខ្ញុំគ្រាន់តែផ្ដាំទៅអ្នក អ្នកមុខដដែលៗហ្នឹងហើយបានអ្នកជំនាញ…អាអ្នកនិយាយ អាបក្សប្រឆាំង មេបក្សប្រឆាំងស្អីហ្នឹងវាមុខដដែល វានិយាយហ្នឹងក៏ដដែលៗ។…អញ្ចឹងកត្តាធនធានមនុស្សនៅតែជាកត្តាសំខាន់ ខ្ញុំសុំផ្ដាំអស់លោក បើទោះបីមុខចាស់ក៏ដោយ ប៉ុន្តែចរិតការងារឲ្យវាថ្មី អាហ្នឹងហើយការផ្លាស់ប្តូរ”។
ប្រធានស្តីទីគណបក្សសង្រ្គោះជាតិលោក កឹម សុខា កាលពីថ្ងៃអាទិត្យម្សិលមិញបានថ្លែងការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជានោះមានរូបភាពសើៗមិនអាចឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋបានទេ។
យ៉ាងណាក៏ដោយមេដឹកនាំបក្សប្រឆាំងអះអាងថាការធ្វើកែទម្រង់ស្ថាប័នរដ្ឋរបស់រដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះលោកថាជាការជំរុញមួយផ្នែកធំពីបក្សប្រឆាំងក្នុងប្រកួតប្រជែងបែបប្រជាធិបតេយ្យ។
អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ យល់ថាការផ្លាស់ប្តូរតំណែងរបស់រដ្ឋមន្ត្រីពីក្រសួងចាស់ទៅកាន់ក្រសួងថ្មីនេះគឺជាការកំណែទម្រង់តិចតួចនៅឡើយ។ លោកថារដ្ឋាភិបាលគួរតែកាត់បន្ថយចំនួនសមាជិកគណៈរដ្ឋមន្ត្រីរបស់ខ្លួនឲ្យនៅតិចជាងនេះហើយលោកថាក្រសួងនិងស្ថាប័នមួយចំនួនបានធ្វើការងារជាន់គ្នានិងមិនមានតួនាទីច្បាស់លាស់។
គួរបញ្ជាក់ថាថ្មីនេះរដ្ឋាភិបាលការផ្លាស់ប្តូរតួនាទីមន្ត្រីរបស់ខ្លួន២៤នាក់ក្នុងក្រសួងយ៉ាងតិចចំនួន៨និងបញ្ចប់មុខងាររដ្ឋមន្ត្រីចាស់ៗមួយចំនួនដូចជាបញ្ចប់តួនាទីលោក ហោ ណាំហុង ពីរដ្ឋមន្ត្រីក្រសួងការបរទេស បញ្ចប់មុខងារលោក អ៊ឹម ឈុនលឹម ពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងបញ្ចប់មុខងារលោក គាត ឈន់ ជាឧបនាយករដ្ឋមន្ត្រីប្រចាំការ។ ប៉ុន្តែរដ្ឋមន្រ្តីពីររូបទៀត រួមមានលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលនាយករដ្ឋមន្រ្តី ចាត់ទុកថាអសកម្មជាងគេនោះគឺប្តូរឲ្យទៅកាន់ផ្សេងវិញ៕