ក្រសួងសុខាភិបាលអំពាវនាវដល់អ្នកដែលត្រូវធ្វើដំណើរទៅប្រទេសដែលមានការឆ្លងមេរោគជំងឺគ្រុនលឿងត្រូវចាក់វ៉ាក់សាំងការពារជំងឺនេះឲ្យបាន១ខែមុនធ្វើដំណើរ ហើយក្រសួងក៏តម្រូវឲ្យអ្នកធ្វើដំណើរពីប្រទេសទាំងនោះបង្ហាញភស្តុតាងបញ្ជាក់ពីការចាក់ថ្នាំបង្ការជំងឺនេះផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរួមមួយជាមួយអង្គការសុខភាពពិភពលោក ចុះថ្ងៃទី២២ ខែមីនា ក្រសួងសុខាភិបាលបានឲ្យដឹងថា ជំងឺគ្រុនលឿងគឺជាជំងឺគ្រុនឈាមបង្កឡើងដោយវីរុសឆ្លងមកមនុស្សតាមរយៈមូសខ្លាខាំ។ ក្រសួងបន្តថា ការដាក់ឈ្មោះគ្រុនលឿងដោយសារអ្នកជំងឺខ្លះអាចវិវត្ដន៍ទៅជាមានរោគសញ្ញាខាន់លឿង។ ៥០ភាគរយនៃអ្នកជំងឺដែលរងផលប៉ះពាល់ធ្ងន់ធ្ងរនឹងស្លាប់ដោយសារជំងឺគ្រុនលឿង ប្រសិនបើគ្មានការព្យបាលសមស្រប។
ក្រសួងបានបន្ដថា ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៥ ជំងឺគ្រុនលឿងបានចរាចរនិងបានរាយការណ៍នៅក្នុងប្រទេសម៉ាលី និងប្រទេសហ្គាណា ហើយជំងឺនេះបានផ្ទុះឡើងនៅប្រទេសអង់ហ្គោឡាចាប់តាំងពីខែធ្នូ ឆ្នាំ២០១៥។ នៅចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ពលរដ្ឋចិន៣នាក់បានឆ្លងជំងឺនេះ បន្ទាប់ពីពួកគេធ្វើដំណើរទៅកាន់ប្រទេសអង់ហ្គោឡាដោយមិនបានចាក់វ៉ាក់សាំងការពារ។
សេចក្ដីប្រកាសព័ត៌មានបន្តដោយដកស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ថា បច្ចុប្បន្នមិនទាន់មានករណីជំងឺគ្រុនលឿងនេះនៅក្នុងប្រទេសកម្ពុជានៅឡើយងទេ ដោយលោកថា ក្រសួងនឹងបន្តតាមដានស្ថានភាពជំងឺនេះទាំងក្នុងប្រទេស និងតំបន់។ លោកបន្តដោយអំពាវនាវថា៖ “ក្រសួងសុខាភិបាលសូមឲ្យអ្នកធ្វើដំណើរមុនធ្វើដំណើរទៅតំបន់ប្រទេសមានជំងឺគ្រុនលឿង ត្រូវចាក់វ៉ាក់សាំងឲ្យបាន១ខែមុនពេលធ្វើដំណើរ”។
សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា ក្រសួងសុខាភិបាលក៏តម្រូវឲ្យអ្នកធ្វើដំណើរមកពីប្រទេសដែលមានការឆ្លងមេរោគគ្រុនលឿង ត្រូវបង្ហាញភស្តុតាងនៃការចាក់ថ្នាំបង្ការជំងឺគ្រុនលឿងទៅមន្ត្រីនៅច្រកចេញចូលអន្តរជាតិផងដែរ។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងដែរថា នៅលើពីភពលោកមានអ្នកជំងឺគ្រុនលឿងប្រមាណជា ១៣០០០០នាក់ និងស្លាប់៤៤០០០នាក់ ជារៀងរាល់ឆ្នាំក្នុងនោះ៩០ភាគរយកើតឡើងនៅក្នុងទ្វីបអាហ្រ្វិក។
សេចក្ដីប្រកាសឲ្យដឹងទៀតថា បន្ទាប់ពីឆ្លង វីរុសនេះសម្ងំក្នុងខ្លួនមនុស្សពី៣ទៅ៦ថ្ងៃទើបចេញរោគសញ្ញា។ រោគសញ្ញាជំងឺនេះមានពីរដំណាក់កាលដោយដំណាក់កាលទី១មានរោគសញ្ញាដូចជា គ្រុនក្ដៅ ឈឺសាច់ដុំផ្នែកខ្នងខាងក្រោយ ឈឺក្បាល ព្រឺរងាញាក់ មិនឃ្លានអាហារ ចង្អោរ និងក្អួត។ ដំណាក់កាលទី២ មានរោគសញ្ញាធ្ងន់ធ្ងរដូចជា ខាន់លឿង ឈឺពោះ និងក្អួត បន្ទាប់មកអាចមាន ឈាមចេញពីមាត់ ច្រមុះ ភ្នែក ឬក្រពះ។ ក្រសួងឲ្យដឹងទៀតថា ការព្យាបាលជំងឺនេះគឺពឹងផ្អែកលើការព្យាបាលគាំទេវេជ្ជសាស្រ្ដ គ្មានថ្នាំព្យាបាលជាក់់លាក់សម្រាប់សម្លាប់វីរុសនេះនោះទេ។
ក្រសួងក៏បានឲ្យដឹងដែរថា វិធីបង្ការជំងឺមានប្រសិទ្ធភាពគឺត្រូវចាក់ថ្នាំវ៉ាក់សាំងការពារដែលវ៉ាក់សាំងនេះមាននៅវិទ្យាស្ថនប៉ាស្ទ័រកម្ពុជា និងត្រូវបង្ការកុំឲ្យមានមូសខ្លាដោយបំបាត់ជំរកមូសខ្លាដូចជា ដាក់អាបែតលាងពាង ឬអាងទឹកលុបថ្លុកទឹកដក់ ដើម្បីកំចាត់ដង្កូវទឹក សំអាតលំនៅដ្ឋាន កុំឲ្យមានព្រៃស្ដុក បំបាត់សំបកកំប៉ុង សំបកកងឡាន ត្រឡោកដូង ថូផ្កា និងស្លៀកពាក់ខោអាវ និងប្រើថ្នាំលាប(Repellent)កុំឲ្យមានមូសខ្លាមកជិតបាន៕