នៅទីបំផុតកីឡាករជើងខ្លាំងរបស់កម្ពុជាឈ្មោះ ម៉ន រដ្ឋា បានត្រឹមតែការពារខ្លួនមិនឲ្យសន្លប់មុនទឹកទី៥ ក្នុងការប៉ះប្រកួតជាមួយកីឡាករថៃប៉ុណ្ណោះ កាលពីថ្ងៃអាទិត្យទី២៧ មីនា នៅក្នុងព្រឹត្តិការណ៍ប្រដាល់អន្តរជាតិរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍។ សមត្ថភាពស៊ូបាន៥ទឹករបស់កីឡាករកម្ពុជាត្រូវបានគេសរសើរផងនិងរិះគន់ផង។
នៅក្នុងការប្រកួតដែលបានធ្វើឡើងយ៉ាងស្វិតស្វាញនោះ ម៉ន រដ្ឋា ខ្លាចាស់របស់ក្លិបការិយាល័យទី៥កងទ័ពជើងគោក បានបញ្ចេញកណ្ដាប់ដៃយ៉ាងខ្លាំងក្លាទៅលើកីឡាករថៃឈ្មោះ Pheach Ngenthang ។ សមត្ថភាពវាយចេញរបស់គេ ធ្វើឲ្យកីឡាករឆ្លងប្រទេសជាគូបដិបក្ខទ័លទីម្ដងៗ ប៉ុន្តែកណ្ដាប់បានត្រឹមតែកំឡាមិនឲ្យកីឡាករថៃវាយលុកចូលខ្លាំងប៉ុណ្ណោះ។ កីឡាករថៃបែរជាមានឱកាសវាយត្រឡប់ ធ្វើឲ្យអ្នកទស្សនាគាំទ្រកីឡាករកម្ពុជាបុកពោះ។ ម៉ន រដ្ឋា ដែលត្រូវគេស្គាល់យូរមកហើយថាជាកីឡាករជួរមុខក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម បានត្រឹមតែវាយចេញច្រើន ប៉ុន្តែសំណាងវាយត្រូវគោលដៅគឺតិចបំផុត។ ផ្ទុយទៅវិញ សម្រាប់កណ្ដាប់ដៃថៃវិញ គឺសឹងនឹងយកកីឡាករកម្ពុជាធ្វើបាវសាក់តែម្ដងក្នុងទឹកទី២។ ក្នុងទឹកទី៣ កីឡាករកម្ពុជាបានប្ដូរទម្រង់វាយប្រយុទ្ធ ទើបគេឃើញកីឡាករថៃទទួលក្លាយជាអ្នកទទួលរងរន្ទះជើងបានមួយប្រាវ។
ក្នុងទឹកទី៤ កីឡាករថៃរកឃើញចំណុចខ្សោយរបស់កីឡាករកម្ពុជាម្ដងទៀត ហើយកណ្ដាប់ដៃរបស់គេកាន់តែល្អ រហូតធ្វើឲ្យកីឡាករកម្ពុជាចង់បោះបង់ការប្រកួតនៅក្នុងទឹកនេះ។ សូម្បីតែភ្លៅខាងធ្វេងរបស់ ម៉ន រដ្ឋា ក៏ត្រូវកីឡាករថៃទាត់ហើយទាត់ទៀត ឡើងជាំក្រហមផងដែរ។ នៅលើផ្ទៃមុខ ក៏ត្រូវកណ្ដាប់ដៃដ៏រហ័សរបស់ Pheach Ngenthang ដោយជៀសមិនផុត។ អ៊ីចឹងហើយទើបដើមទឹកទី៥ ម៉ន រដ្ឋា បានសម្រេចចិត្តវាយប្ដូរដើម្បីកញ្ឆក់យកជ័យជម្នះត្រឡប់វិញ។ ប៉ុន្តែបានតែមួយឆាវប៉ុណ្ណោះ ក៏ត្រូវកីឡាករថៃវាយឲ្យទម្លាក់ដៃនៅលើរេញ។ មុនការប្រកាសលទ្ធផល គេដឹងរួចជាស្រេចថាកីឡាករថៃនឹងមានឈ្នះសម្រាប់គូនេះ បើទោះជាអ្នកគាំទ្ររបស់កីឡាករកម្ពុជា បានស្រែកបន្លប់ខ្លួនឯងក្នុងន័យលើកទឹកចិត្តចំពោះកីឡាករកម្ពុជា។ នៅទីបំផុត កីឡាករថៃនៅតែគេលើកដៃឲ្យឈ្នះពិន្ទុ ក្រោមសំឡេងទះដៃភាគច្រើនរបស់អ្នកទស្សនាស្របគ្នាដែល ម៉ន រដ្ឋា ក៏បង្ហាញទឹកមុខស្រងាកចិត្ត។
លោក គន្ធ ជីវ័ន្ត អ្នកអត្ថាធិប្បាយនៅក្នុងព្រឹត្តិការណ៍ បានថ្លែងដាក់ក្បាលមេក្រូនៅក្នុងម៉ោងសម្រាកថា ម៉ន រដ្ឋា បានក្លាយជាកីឡាករធ្លាក់ដៃច្រើនគួរសមបើធៀបនឹងមួយរយៈមុន។ លោកថាម៉ន រដ្ឋា វាយចេញស្ទក់ៗមិនសូវរហ័សនិងកម្លាំងមិនដល់កីឡាករថៃ ទើបនាំឲ្យការប្រកួតមិនអាចទៅរួច។ លោកបានប្រកាសយ៉ាងក្ដែងៗបែបលេងបន្លំមែននៅក្រោយប្រកាសលទ្ធផលថា៖ “កីឡាករយើងភាគច្រើន បើតាមខ្ញុំដឹងគាត់ផឹកពេក ដើរពេក ហើយទាល់តែជិតដល់ថ្ងៃប្រកួតទើបទៅហ្វឹកហាត់២–៣ថ្ងៃ អញ្ចឹងៗអី វ៉ៃគេមិចឈ្នះ! ហ្នឹងកីឡាករ Pheach Ngenthang មិនមែនកម្រិតAនៅថៃផង បើយកកម្រិតAមក ឲ្យតែអញ្ចឹងៗវាយម៉េចឈ្នះគេ!”។
ពាក់ព័ន្ធនឹងការរិះគន់ទៅលើម៉ន រដ្ឋា ដោយចំហរនេះ វីអូឌីមិនអាចសុំការបញ្ជាក់ពីកីឡាករជាសាមីខ្លួនបានទេ ប៉ុន្តែលោក ម៉ាង ម៉ន ជាឪពុកនិងជាប្រធានក្លិបការិយាល័យទី៥កងទ័ពជើងគោក បានទទួលស្គាល់ថាកីឡាករម៉ន រដ្ឋា ពិតជាហ្វឹកហាត់មិនបានច្រើនថ្ងៃមុនពេលឡើងប្រកួតមែន។ លោកថាកូនសិស្សរបស់ខ្លួនហ្វឹកហាត់បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលឡើងប្រកួតជាមួយកីឡាករថៃ Pheach Ngenthang កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែលោកថាមិនមែនតែម៉ន រដ្ឋា ម្នាក់ទេ គឺកីឡាករភាគច្រើននៅក្នុងប្រទេសកម្ពុជា សុទ្ធតែមានទម្លាប់ហ្វឹកហាត់តែប៉ុណ្ណឹងថ្ងៃមុនប្រកួត។ លោកថាបណ្ដាលមកពីកីឡាករថៃល្អខ្លាំងប៉ុណ្ណោះ ទើបកូនសិស្សរបស់ខ្លួនទៅមិនរួច។
គួរបញ្ជាក់ថា Pheach Ngenthang ធ្លាប់ប្រកួតបាន៦៩ដង ឈ្នះ៦៣ដង ចាញ់៥ដងនិងស្មើ១ដង ក្នុងពេលដែលការប្រកួតរបស់ម៉ន រដ្ឋា ធ្លាប់ប្រកួត៧២លើក ឈ្នះ៥៩លើក ចាញ់១២លើកនិងស្មើ១លើកនៅលើសង្វៀន៕