ផ្ទុយពីការគិតទុក កីឡាករមាស ច័ន្ទមាន បែរជាអាចវាយឲ្យកីឡាករជើងខ្លាំងរបស់ថៃឈ្មោះSuper Boy សន្លប់ទាល់តែបាន ដោយនោះជាលទ្ធផលសន្លប់ឈរលើរេញនោះទៅទៀត។ ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃទី៣ មេសានេះ ធ្វើឲ្យអ្នកទស្សនាជក់ចិត្តយ៉ាងខ្លាំង ដោយទម្រាំឆ្មក់បានឱកាសឈ្នះថៃ កីឡាករកម្ពុជាខ្លួនឯងក៏ប៊ិះនឹងសន្លប់ដូចគ្នា។
ការប្រកួតរបស់អ្នកទាំងពីរមានការជក់ចិត្តសឹងនឹងធ្វើឲ្យអ្នកទស្សនាដោយផ្ទាល់ ភ្លេចទាំងដកដង្ហើមនៅពេលទស្សនា។ ដ្បិតតែការប្រកួតត្រូវបញ្ចប់ក្នុងទឹកទី២ ប៉ុន្តែសកម្មភាពវាយលុករបស់គូនេះ បានបន្សល់នូវទិដ្ឋភាពដក់ជាប់អារម្មណ៍របស់មហាជនគួរឲ្យកត់សម្គាល់ ជាថ្នូរនឹងការទទួលបាននូវសម្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពង។ ក្នុងទឹកទី១ បង្គោលក្រហមកម្ពុជាជាអ្នកផ្ដើមទាត់ខ្លាំងៗទៅលើភ្លៅខាងធ្វេងរបស់កីឡាករថៃ ធ្វើឲ្យថៃក៏ទាត់បំបុកត្រឡប់មកវិញបណ្ដាលឲ្យលាន់សំឡេងដូចគេវាយស្ករ។ អ្នកទស្សនាដោយផ្ទាល់ស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពង ក្នុងពេលគូនេះទាត់ទៅទាត់មក ដូចមិនមានឈឺទាល់តែសោះ។
មាស ច័ន្ទមាន ត្រូវគេឃើញទុចជំហរ បន្ទាប់ពីកីឡាករថៃSuper Boyទាត់បកខ្លាំងៗដោយគ្មានសំចៃ។ ចុងទឹកទី១ កីឡាករកម្ពុជាបានប្ដូរយុទ្ធសាស្រ្តវាយម៉ាត់វិញសំដៅលើក្បាលពោះនិងផ្ទៃមុខ បន្ទាប់ពីទ្រាំកម្លាំងទាត់ខ្លាំងៗរបស់គូបដិបក្ខលែងបាន។ ឆ្លើយតបនឹងមាស ច័ន្ទមាន កីឡាករថៃក៏ប្ដូរពីទាត់មកវាយម៉ាត់ទៅមកៗដូចគ្នានឹងកីឡាករកម្ពុជាផងដែរ ដោយកម្រិតនៃការវាយលុកទៅមកៗរបស់ពួកគេសឹងនឹងញាប់ដូចម៉ាស៊ីនដេរ ទើបធ្វើឲ្យអ្នកទស្សនាកាន់តែច្រើនមិនស្ដាយនឹងការចំណាយសំឡេងក្នុងការស្រែកហ៊ោកញ្ជ្រៀវ។ បញ្ចប់ទឹកទី១ អ្នកទាំងពីរបានរំលេចសកម្មភាពឌឺគ្នា ដើម្បីបង្ហាញថាខ្លួនមិនខ្លាចគ្នានិងមិនឈឺចំពោះកណ្ដាប់ដៃនិងរន្ទះជើងដែលបានវាយសន្ធាប់ៗទៅមកៗពេញមួយទឹកទី១។
ចូលដល់ទឹកទី២ ការប្រកួតទាំងមូលឡើងកំដៅកើនទ្វេ ជាមួយការវាយប្រដេញគ្នាទៅមកៗធ្វើឲ្យអ្នកទស្សនាកាន់តែពេញចិត្ត។ គូនេះវាយត្រាប់តាមគ្នានិងវាយសងគ្នាមិនខុសពីអ្នកចង់បង្អួតសមត្ថភាពនិងភាពខ្លាំងក្លានោះទេ ហើយក៏មិនឲ្យភាគីណាម្នាក់លើសមួយដៃឬមួយជើងនោះដែរគឺមួយស្នៀតទៅមួយស្នៀតមក។ ចាប់ពីពាក់កណ្ដាលទឹកទី២មក អ្នកទាំងពីរបានប្ដូរទម្រង់ឈប់ទាត់ ឈប់វាយម៉ាត់ ហើយប្រែជាប្រើបច្ចេកទេសវ័ធកែងដាក់គ្នាទៅវិញទៅមកម្ដង ដោយមួយកែងរបស់អ្នកទំាងពីរគឺមិនមានមួយកែងណាដែលមិនត្រូវគោលដៅនោះឡើយ។ ប៉ុន្តែបែរជាមិនធ្វើឲ្យអ្នកណាម្នាក់ចុះចាញ់ឡើយគឺមានតែរុលដើរចូល ទើបធ្វើឲ្យអ្នកទស្សនាបន្ទរសំឡេងឡើងរញ្ជួយសង្វៀន។
កីឡាករមាស ច័ន្ទមាន ត្រូវគេឃើញទប់កម្លាំងកែងរបស់កីឡាករថៃស្ទើរនឹងលែងចង់បាន ប៉ុន្តែគេក៏នៅតែមានជំហរតស៊ូនិងបន្តវ័ធកែងបន្ថែមទៀត ដោយមិនទម្លាក់ដៃចុះមុន។ នៅទីបំផុតកីឡាករថៃដែលអ្នកណាក៏មើលឃើញថានៅរឹងជំហរបានល្អជាងកីឡាករកម្ពុជា បែរជាទប់មិនជាប់មួយកែងចុងក្រោយរបស់ មាស ច័ន្ទមាន នៅត្រង់សៀតផ្កា ហើយសន្លប់ឈរតែម្ដង ដោយទម្រាំដួលដេកលើរេញគឺគេមានសភាពវង្វេងវង្វាន់មួយដង្ហើមធំ ហើយក៏ដួលសន្លប់ឈឹង បើទោះជាមានការជួយសម្រួលពីក្រុមគ្រូពេទ្យក៏យូរក្នុងការដឹងខ្លួន។

កីឡាករមាស ច័ន្ទមាន លោតកញ្ឆេងចង់ហោះ នៅពេលដឹងថាកីឡាករថៃដួលក្រោកលែងរួច ប៉ុន្តែកីឡាកររូបនេះក៏ឈរមិនចង់នឹងខ្លួនឯងផងដែរ ដោយសារតែប៉ុន្មានកែងចុងក្រោយរបស់កីឡាករថៃក៏ត្រូវសៀតផ្ការបស់គេមិនធម្មតា។
គួរបញ្ជាក់ផងដែរថា មាស ច័ន្ទមាន ជាម្ចាស់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម ដែលឆ្លងកាត់ការប្រកួត១២១លើក ឈ្នះ១០០លើកនិងចាញ់២៥លើក ក្នុងពេលដែលកីឡាករថៃ ប្រកួត១០០លើក ឈ្នះ៧៩លើក ចាញ់១៧លើកនិងស្មើ៤លើកនៅលើសង្វៀន។ ថ្វីដ្បិតតែកីឡាករថៃSuper Boy មិនមានខ្សែក្រវាត់ ប៉ុន្តែគេជាកីឡាករអាជីពរបស់ថៃហើយមានសមត្ថភាពគួរឲ្យភ្ញាក់ផ្អើល ដោយសភាពសន្លប់របស់គេ ត្រូវគេមើលឃើញថាបណ្ដាលមកពីភ្លាត់ស្នៀតប៉ុណ្ណោះ៕