សកម្មជនការពារព្រៃឈើទទូចឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតនិងចាប់ខ្លួនជនល្មើសដែលបានកាប់ទៅលើនារីម្នាក់ដែលជាអ្នកការពារព្រៃឡង់បណ្តាលឲ្យរងរបួសធ្ងន់នោះ។
ការទទូចនេះគឺបន្ទាប់ពីសកម្មនារីម្នាក់ កញ្ញា ផន សុភក្រ្ត បានអះអាងថានាងរងរបួសធ្ងន់ចំជើងខាងឆ្វេងដោយសារជនមិនស្គាល់អត្តសញ្ញាណលបកាប់នៅម៉ោង១និង៣០នាទីនាយប់ថ្ងៃទី២៦ឈានចូលថ្ងៃទី២៧ខែមីនា ខណៈនាងចូលរួមល្បាតព្រៃនិងចាប់ដកហូតយកម៉ាស៊ីនអារឈើបានមួយចំនួននៅចំណុចអូតាជើង ភូមិបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
ក្រៅពីទទូចឲ្យរដ្ឋាភិបាលចាប់ខ្លួនជនល្មើសមកកាត់ទោសតាមច្បាប់ក្នុងសេចក្តីថ្លែងការណ៍សកម្មជនការពារព្រៃឡង់បានស្នើឲ្យរដ្ឋាភិបាលបិទការទិញលក់ឈើទាំងស្របច្បាប់និងខុសច្បាប់នៅតំបន់ព្រៃឡង់ ហើយស្នើឲ្យស៊ើបអង្កេតអ្នកនៅពីក្រោយបទល្មើសព្រៃឈើនិងស្នើឲ្យរដ្ឋាភិបាលសហការជាមួយបណ្តាញការពារសហគមន៍ព្រៃឡង់ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩មកនោះ។
បើតាមសេចក្តីថ្លែងការណ៍ក្នុងយុទ្ធនាការបង្រ្កាបបទល្មើសព្រឈើនៅតំបន់ព្រៃឡង់ចំនួន៥លើកនេះក្រុមយុវជនចាប់បានរណារយន្ត៣៥គ្រឿងនិងបានឃើញគំនរឈើជាច្រើនម៉ែត្រគូបដែលត្រូវបានកាប់បំផ្លាញ។
ដោយឡែកទាក់ទងនឹងករណីមានជនល្មើសលបកាប់ទៅលើសកម្មជនព្រៃឡង់នោះ នាយកផ្នែកនៃអធិការស្រុកសំបូរ លោក ស្រី វណ្ណា អះអាងថាសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្ថែមដើម្បីរកជនដៃដល់មកផ្តន្ទាទោស៕