ធនាគារអភិវឌ្ឍន៍អាស៊ីលើកឡើងថា សេដ្ឋកិច្ចកម្ពុជារយៈពេល២ឆ្នាំទៅមុខទៀតនឹងនៅរក្សាកំណើនរឹងមាំរបស់ខ្លួនដោយមានការជំរុញពីវិស័យវាយភ័ណ្ឌ សំណង់ និងសេវាកម្ម ដោយបញ្ជាក់ថាបើទោះបីជាវិស័យទាំងនេះកំពុងជួបបញ្ហាប្រឈមមួយចំនួនក៏ដោយ។
ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជានៅព្រឹកថ្ងៃពុធនេះបានធ្វើសន្និសីទសារព័ត៌មាន ដោយបានបង្ហាញរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី២០១៦។ បើតាមរបាយការណ៍នេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជានឹងមានដំណើន៧ភាគរយដូចគ្នាទៅនឹងឆ្នាំ២០១៥ ហើយនៅឆ្នាំ២០១៧ នឹងមានកំណើតខ្ពស់ជាងនេះបន្តិច។
របាយការណ៍ដដែលឲ្យដឹងទៀតថា តម្លៃបន្ថែមលើផលិតផលសម្លៀកបំពាក់ និងស្បែកជើង និងគ្រឿងអេឡិចត្រូនិចនឹងមានកំណើនបន្តទៀត។ ជាមួយគ្នានោះដែរ វិស័យសេវាកម្ម និងកសិកម្មក៏បន្តកើនឡើងដែរ។ ទោះយ៉ាងណា របាយការណ៍នេះបង្ហាញថា វិស័យសំណង់ត្រូវអ្នកជំនាញរំពឹងថានឹងមានការថមថយបើប្រៀបធៀបទៅនឹងកំណើនដ៏ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទន្ទឹមនឹងមានការព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជានៅតែបន្តកើនឡើងនោះ របាយការណ៍របស់ធនាគារតំបន់មួយនេះឲ្យដឹងដែរថា កម្ពុជានៅមានបញ្ហាប្រឈមទៅគុណភាពមុខរបរនិងការងារ ដោយធនាគារមួយនេះថាកម្លាំងពលកម្មនៅក្នុងវិស័យវាយណភ័ណ្ឌកម្ពុជាមានផលិតភាពនៅទ្រឹង និងការកើនឡើងប្រាក់ឈ្នួល ធ្វើឲ្យមានសម្ពាធក្នុងការប្រកួតប្រជែងតម្លៃលើទីផ្សារ។
អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី លោក Jan Hansen មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននោះថាភាពមានការងារធ្វើនៅក្នុងប្រទេសកម្ពុជាមានកម្រិតខ្ពស់។ ប៉ុន្តែលោកថាការងាររបស់ពួកគេភាគច្រើនជាការងារក្រៅប្រព័ន្ធនិងមិនមានស្ថិរភាព។ លោកថាកន្លងមកនេះ កម្លាំងពលកម្មដែលមានតម្លៃថោកបានទាក់ទាញអ្នកវិនិយោគច្រើនមកកម្ពុជា តែលោកថាកម្លាំងពលកម្មនេះមិនអាចធានាការលូតលាស់ផ្នែកសេដ្ឋកិច្ចទៅអនាគតបានទេ។
លោកផ្តល់ជាអនុសាសន៍ថាកម្ពុជាត្រូវបង្កើតឲ្យមានឧស្សាហកម្មថ្មីៗ ពង្រឹងនិងបណ្តុះបណ្តាលបន្ថែមទៀតនូវអ្នកជំនាញបច្ចេកទេស ជាពិសេសបង្កើនគុណភាពអប់រំ និងជួយកុមារឲ្យបានរៀនចប់ចុងចប់ដើម ដើម្បីរក្សាកំណើនសេដ្ឋកិច្ចនេះបន្តទៀតបាន។
លោកបន្ថែមថា៖ “សម្រាប់កុមារនៅក្នុងសាលាត្រូវមានការរៀបចំពួកគេឲ្យក្លាយជាអ្នកមានជំនាញបច្ចេកទេសនិងទទួលបានការអប់រំដល់ឧត្តមសិក្សា ហើយក៏ត្រូវធ្វើទំនើបកម្មកម្មវិធីសិក្សានិងសៀវភៅសិក្សា ពង្រឹងសមត្ថភាពគ្រូបង្រៀន សម្ភារសិក្សា នៅតាមអនុវិទ្យាល័យនិងវិទ្យាល័យ និងផ្តោតជាពិសេសលើគណិតវិទ្យានិងវិទ្យាសាស្រ្ត”។
ឯកសារគោលនយោបាយរបស់ក្រសួងអប់រំដែលបានដកស្រង់ទិន្ន័យក្នុងរបាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បី អភិវឌ្ឍន៍កម្ពុជា(CDRI)បានលើកថា នៅឆ្នាំ២០១៥ កម្ពុជាត្រូវការវិស្វករចំនួន៣៥០០០នាក់ និងអ្នកជំនាញបច្ចេកទេសចំនួន ៤៦០០០នាក់ ដើម្បីបម្រើការងារក្នុងប្រទេសកម្ពុជានិងរក្សាកំណើនផលទុនក្នុងស្រុកសរុប(GDP) ចន្លោះពី៦ទៅ៨ភាគរយសម្រាប់រយៈពេលប្រាំឆ្នាំទៅមុខទៀត។
បើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ រដ្ឋាភិបាលរំពឹងថា កម្ពុជានឹងមានកំណើនផលទុនក្នុងស្រុកប្រហែលជា៧ភាគរយដូចការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីដែរ។ រដ្ឋាភិបាលថាការកើនឡើងផលទុនក្នុងស្រុកនេះ បានពីការបន្តកើនឡើងរបស់វិស័យវាយណភ័ណ្ឌ សំណង់ ថាមពល សេវាកម្ម និងកសិកម្ម។ បើតាមតួលេខរបស់រដ្ឋាភិបាលនៅឆ្នាំ២០១៥ ផលទុនក្នុងស្រុកសរុបរបស់កម្ពុជាមានចំនួន ២០ ២៣១ លានដុល្លារ៕