យ៉ាងតិចមនុស្សម្នាក់ស្លាប់និង៧នាក់ទៀតពុល ក្រោយពីហូបត្រីក្រពត

សមត្ថកិច្ចខេត្ដសៀមរាបឲ្យដឹងថាមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់និង៧នាក់ផ្សេងទៀតមានអាការៈវិលមុខក្អួតចង្អោរ ក្រោយពេល ពួកគាត់ ទទួលទានត្រីក្រពតនិងស្រាសកាលពីថ្ងៃម្សិល​មិញ។

អធិការនគរបាលស្រុកវ៉ារិន លោក ណុប សារ៉ាក់ ប្រាប់VODនៅព្រឹកថ្ងៃព្រហស្បតិ៍​នេះថាអ្នកភូមិចំនួន៧នាក់ក្នុងនោះ មានកុមារម្នាក់និងស្ដ្រីម្នាក់នៅភូមិគោកវត្ដ ឃុំស្រែណូយ មាន​អាកា​រៈ​វិលមុខក្អួត​ចង្អោរនិងមនុស្សម្នាក់ទៀត​បាន​​បាត់បង់ជីវិត ខណៈ​ដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រែ​ណូយ​ ដែល​លោកថាពួកគេទាំងនោះបានទទួលទាន​ត្រី​​ក្រពតនិងស្រាស។ ​លោ​ក​អះអាងថាជន​រងគ្រោះ​ដែលស្លាប់​និងមានអាការៈ​បែបនេះគឺមិន​បណ្ដាល​មក​ពីការហូបស្រាសទេ ដោ​យ​លោកថាកុមារអាយុ១៤​ម្នាក់​មិនបាន​ផឹកស្រាទេដោយ​គ្រាន់តែហូបត្រីក្រពតតែពុលដូចគ្នា។ លោកមាន​ប្រសាសន៍ថា៖ “គាត់​នាំគ្នា​ទៅបាយហើយ​បានត្រី​ក្រពតទៅយកទៅបំពងញុំាជាមួយជ្រក់ស្វាយ ក្លែមស្រាស​យើងមិនបានធ្វើកោ​សល្យវិ​ច័យអី​ទេតែ​យើង​គិតមើលទៅត្រង់ថាក្មេងញាំត្រីក្រពតមិនបានញុំាស្រាអីទេ ​ប៉ុន្ដែ​គាត់ពុលដែរ ចឹងបញ្ជាក់​ថា​វា​ពុលត្រី​ក្រពត”។

ពលរដ្ឋដែលបានទទួលទានត្រីក្រពត នៅភូមិគោកវត្ដ ឃុំស្រែណូយ លោក យ៉ែប លី ឲ្យដឹងថាត្រីក្រពត​នោះ​ពួកគាត់ចាប់ពី​ទឹកអូរក្បែភូមិដែល​មាន​ត្រីប្រមាណ៦០ក្បាល។ លោកបន្ដថាពួក​គាត់ទទួល​ទាន​អស់​ប្រហែល៣០ក្បាលក៏មានអាការៈវិលមុខក្អួតចង្អោរនិងញ័រខ្លួនដៃជើង និងរឹងធ្គាមតែម្ដង។ លោកបន្ដថា៖ “ខ្លាំងខ្លាំងមែនទែនតែម្ដងវាប្អូនងាប់ប្អូនរស់ដែរខ្ញុំអ្នកផ្សេងដូចគ្នាដែរគេហូបក្រោយដូចគ្នាដែរទៅពេទ្យដូចគ្នាកំពតប៉ុនមេដៃភ្នែកវាក្រហមៗ”។

ប្រធានមណ្ឌលសុខភាពស្រែណូយ ស្រុកវ៉ារិន លោក មិន មាស មានប្រសាសន៍ថាពលរដ្ឋដែល​ស្លាប់​និងអា​ការៈក្អួតចង្អោរ​នេះដោយសារពុល​ត្រី​ក្រពត ប៉ុន្ដែលោកមិនបានប្រាប់​ពីសារធាតុ​​ពុល​នៅក្នុង​សាច់​​​ត្រីនោះទេ ដោយ​លោកថាហួសពីសមត្ថភាពរបស់លោក។ លោក​បញ្ជាក់​ថាអ្នក​ដែលស្លាប់ដោយសារទទួលទានត្រីក្រពតច្រើននិងយឺតយ៉ាវបញ្ជូនទៅសង្គ្រោះនៅមន្ទីរ។ ទោះជា​យ៉ាង​ជនរង​​គ្រោះ​​ដែលមានអាការៈក្អួតចង្អោរ លោកអះអាងថាពួកគេបាន​ធូស្រាល​និងវិលត្រឡប់ទៅលំនៅឋានវិញហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ