លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះបានបញ្ជាទៅប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យពិនិត្យមើលជួសជុលផ្លូវដែលខូចក្នុងរាជធានីឲ្យបានល្អ ដោយលោកបានព្រមានថានឹងដកតំណែងផងដែរ ប្រសិនបើនៅតែអនុវត្តតួនាទីមិនបានល្អ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងរិះគន់ចំៗទៅប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ថា តាំងពីលោកទទួលតំណែងនេះមក ផ្លូវនៅក្នុងរាជធានីកាន់តែសភាពយ៉ាប់យ៉ឺន។
លោកមានប្រសាសន៍ថា៖ “ខ្ញុំនិយាយត្រង់នេះ តាំងពីពេលលោកឯង (លោក សាំ ពិសិដ្ឋ) ឡើងមកគឺផ្លូវវាយ៉ាប់! អាធ្វើថ្មីវាបានហើយ ខ្ញុំអបអរហើយ ប៉ុន្តែវាមិនព្រមជួសជុលឲ្យធ្វើម៉េចវា… អាហ្នឹងនិយាយគ្នាត្រង់ៗ បើមិនអញ្ចឹងទេប្រយ័ត្នថ្ងៃណាមួយអស់បុណ្យអស់ស័ក្ត ព្រោះខ្ញុំបង្ខំឲ្យដក”។
វីអូឌី (VOD) មិនទាន់អាចសុំការអត្ថាធិប្បាយពីមន្ទីរសាធារណការរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានភ្លាមៗនៅឡើយទេ។
លោកនាយករដ្ឋមន្ត្រីក៏បានស្ដីបន្ទោសដល់អនុប្រធានមន្ទីរសាធារណការ និងអភិបាលខណ្ឌ ថាមិនយកចិត្តទុកដាក់ជួសជុលផ្លូវដែលខូចនៅតាមខណ្ឌក្រោមការគ្រប់គ្រងរបស់ខ្លួនផងដែរ៕