ក្រសួងសុខាភិបាលបានបញ្ជាឲ្យប្រធានមន្ទីរសុខាភិបាលរាជធានីខេត្តទាំងអស់ធានាការយាមប្រចាំការនិងសង្រ្គោះជំងឺធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងអំឡុងបុណ្យចូលឆ្នាំខាងមុខនេះ។
នៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២៣ខែមីនាហើយវីអូឌីទើបតែទទួលបាន រដ្ឋមន្រ្តីសុខាភិបាលបានលើកឡើងថាពេលមុនបុណ្យ អំឡុងពេលបុណ្យនិងក្រោយពេលបុណ្យចូលឆ្នាំខ្មែរ ស្ថានភាពចរាចរណ៍តាមផ្លូវជាតិ នឹងមានភាពមមាញឹកហើយអាចនឹងមានគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ។ លោកបញ្ជាឲ្យត្រៀមរថយន្តសង្រ្គោះហើយមន្ទីរពេទ្យ មណ្ឌលសុខភាពនៅតាមដងផ្លូវជាតិ ត្រូវរៀបចំពេទ្យយាមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធ។
កាលពីថ្ងៃទី៧ខែមីនា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានដាស់តឿនពេទ្យនៅទូទាំងប្រទេសឲ្យប្រកាន់ខ្ជាប់ក្រមសីលធម៌និងមិនត្រូវគិតលុយជាធំ ពេលព្យាបាលអ្នកជំងឺនោះទេ ហើយលោកណែនាំឲ្យយកចិត្តទុកដាក់ចំពោះជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍។ លោកបានណែនាំឲ្យពេទ្យទាំងអស់”យកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនអតិថិជន គោរពវិជ្ជាជីវៈ ក្រមសីលធម៌ថ្លៃថ្នូរ មិនគិតលុយជាធំ សម្តីទន់ភ្លន់ អាកប្បកិរិយាសមរម្យក្នុងពេលពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ត្រូវសង្រ្គោះអាយុជីវិតជាបន្ទាន់និងត្រូវបំពេញសំណុំបែបបទតាមក្រោយ”។
លោក ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា៖ “ក្រសួងនឹងមានវិធានការត្រួតពិនិត្យនិងអនុវត្តតាមច្បាប់ជាធរមាន ប្រសិនបើឃើញមានមន្រ្តីសុខាភិបាលប្រព្រឹត្តខ្ជីខ្ជាបណ្តាលឲ្យមានផលវិបាកប៉ះពាល់អ្នកជំងឺ”៕