អ្នកមានជម្លោះដីធ្លីនៅសហគមន៍បឹងកក់៧គ្រួសារសំដែងការខកចិត្តដោយថាអង្គភាពប្រឆាំងអំពើពុករលួយមិនចាត់ការលើបណ្តឹងរបស់ពួកគេដែលបានប្តឹងអភិបាលរាជធានីភ្នំពេញទាក់ទងរឿងពលរដ្ឋចោទថាបានប្រព្រឹត្តអំពើពុករលួយក្នុងការដោះស្រាយជម្លោះដីធ្លី។
ខណៈដែលអង្គភាពប្រឆាំងអំពើពុករលួយមិនទាន់ចាត់ការបណ្តឹងនោះនៅព្រឹកថ្ងៃសុក្រនេះប្រជាពលរដ្ឋបឹងកក់បាននាំគ្នាដាក់ញត្តិទៅកាន់គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាបន្ថែមទៀត។
ពលរដ្ឋមានជម្រោះដីធ្លីម្នាក់អ្នកស្រី លី ចាន់ណារី ប្រាប់អ្នកសារព័ត៌មានថាកាលពីខែមីនាពួកគាត់៧គ្រួសារដែលមិនទទួលបានសំណងបានប្តឹងលោក ប៉ា សុជាតិវង្ស និងមន្រ្តីខ្លះទៀតទៅអង្គភាពប្រឆាំងអំពើពុករលួយពីបទប្រព្រឹត្តអំពើពុករលួយក្នុងការដោះស្រាយដីធ្លី ប៉ុន្តែអ្នកស្រីអះអាងថាអង្គភាពប្រឆាំងអំពើពុករលួយមិនចាត់ការនោះទេ បែរជាចាត់ការលឿនទៅលើបណ្តឹងរបស់ក្រុមនិស្សិតលោក ស្រី ចំរើន ប្តឹងរឿងស្នេហាទៅវិញ។
អ្នកស្រីមានប្រសាសន៍ថា៖ “សម្រាប់ខ្ញុំជាពលរដ្ឋ ខ្ញុំមានការខកចិត្តជាមួយនឹងACUដែលគាត់មិនចាត់ការលើបណ្ដឹងរបស់ពួកខ្ញុំទេដោយគាត់ថាបណ្ដឹងរបស់ពួកខ្ញុំស្មើនឹងសូន្យ គេថាយើងអត់អាចចាត់ការគេបានទេដោយសារយើងអត់ភស្ដុតាង។ ដោយសារតែខ្ញុំខកចិត្តជាមួយនឹងACUហ្នឹងបានខ្ញុំមកដាក់បណ្ដឹងរបស់ខ្ញុំដល់សភាទៀត”។
វីអូឌីមិនអាចទាក់ទងប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យិនទៀង បាននៅឡើយទេដោយទូរស័ព្ទហៅចូលគ្មានអ្នកទទួល។
នៅពេលដែលពលរដ្ឋទាំងនោះដាក់ពាក្យបណ្ដឹងទៅកាន់រដ្ឋសភាមានតំណាងរាស្រ្តពីររូបគឺលោក ហូរ វ៉ាន់ និងលោក ឈាង វុន បានចេញមកទទួលញត្តិ។ ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភាលោក ហូរ វ៉ាន់ បានសន្យាថានឹងពិនិត្យមើលលើភស្តុតាងដើម្បីដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយពិនិត្យសារជាថ្មី។
លោកមានប្រសាសន៍ថា៖ “បើអាហ្នឹងជាអំពើពុករលួយ យើងអាចកោះហៅអភិបាលរាជធានីដើម្បីសាកសួរ ហើយជួនកាលយើងក៏ជួបជាមួយនឹងសមីដើមបណ្ដឹងដែរថាមានឯកសារអ្វីជាសម្អាងដើម្បីគាំទ្រនូវបណ្ដឹងរបស់ខ្លួនដែរ។ ប៉ុន្តែអាហ្នឹងយើងត្រូវតែហៅអភិបាលក្រុងសួរក្រោយពីហៅសួរហើយឃើញថាមានករណីពន្យល់អត់ច្បាស់ពន្យល់អត់សមហេតុផល ទីបំផុតខ្ញុំនឹងបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ”។
ជាមួយគ្នានោះដែរលោក ឈាង វុន ក៏សន្យាថានឹងជំរុញទៅសាលារាជធានីភ្នំពេញឲ្យដោះស្រាយបញ្ហាទាំងនោះជូនពល រដ្ឋឲ្យបានឆាប់និងមានតម្លាភាពផងដែរ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ ធ្លាប់លើកឡើងថាបើមានអំពើពុករលួយមែនវាជាការដោះស្រាយរបស់អង្គភាពប្រឆាំងអំពើពុករលួយ ចំណែកឯសាលារាជធានីនៅតែបន្តការដោះស្រាយទំនាស់ដីធ្លីតាមគោលការណ៍ដដែល។
ពលរដ្ឋទាំង៧គ្រួសារនៅបឹងកក់នោះអះអាងថា ពួកគាត់មានដីទំហំសរុបជិតមួយហិកតាដែលរងការបណ្ដេញចេញតាំងឆ្នាំ២០០៧មិនទាន់មានដំណោះស្រាយ។ ពួកគាត់ទាមទារសំណងឲ្យបាន៥៣ភាគរយ តែពួកគេអះអាងថាអាជ្ញាធរបានដោះស្រាយសំណងដល់ពួកគាត់ត្រឹមតែជាង១០ភាគរយ ទើបពួកគាត់មិនអាចទទួលយកបាននោះទេ៕