អង្គការសង្គមស៊ីវិលជាង២០ស្ថាប័នថ្កោលទោសអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ថាបានអនុវត្តតួនាទីដោយបំពាននិងគំរាមកំហែងដល់សង្គមស៊ីវិល ហើយពួកគេទាមទារឲ្យអង្គភាពនេះទម្លាក់ចោលរាល់ការស៊ើបអង្កេតលើបុគ្គលិកអង្គការសង្គមស៊ីវិលដែលអង្គភាពកំពុងធ្វើការសាកសួរ។
ក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ អង្គការសង្គមស៊ីវិលចំនួន២៥ស្ថាប័ន បានលើកឡើងថាអង្គភាពប្រឆាំងអំពើពុកលួយបានសាកសួរមន្ត្រីសង្គមស៊ីវិលចំនួន៧រូបអស់រយៈពេលពីរថ្ងៃមកហើយទៅតាមពាក្យបណ្តឹងមួយរបស់ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា។
អង្គការទាំងនោះសរសេរទៀតថា ការសាកសួររបស់អង្គភាពប្រឆាំងអំពើពុករលួយមកលើមន្ត្រីសិទ្ធិមនុស្សទាំង៧រូបនិងអគ្គលេខាធិការរង គ.ជ.ប មួយរូបគឺ លោក នី ចរិយា នោះថាជាការរឿងមិនសមហេតុផលនិងជាការយាយីលើអ្នកការពារសិទ្ធិមនុស្សដែលអង្គការទាំងនោះចាត់ទុកថាបានធ្វើការត្រឹមរត្រូវតាមច្បាប់ដើម្បីការពារសិទ្ធិមនុស្ស។
អ្នកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថាការសាកសួរបែបនេះជាការចំណាយពេលយូរហួសហេតុលើសពីនីតិវិធីតុលាការ។ លោកថានេះហាក់បង្ហាញពីការគំរាមកំហែងនិងបំបាក់ស្មារតីសម្រាប់មន្រ្តីការពារសិទ្ធិមនុស្ស។ លោកមានប្រសាសន៍ថា៖ “ធ្វើឲ្យពួកគាត់ធុញទ្រាន់ គាត់មានបញ្ហាស្រ្តេសច្រើន ហើយក៏មិនដឹងថាតើអាការៈសួរហ្នឹងពាក់ព័ន្ធនឹងបទល្មើសឬអត់? ប្រសិនជាអត់ទេគួរណាឲ្យគាត់ត្រឡប់ទៅវិញទៅ ហើយកាលណាការសួរយូរពេកនាំឲ្យសាធារណៈមតិយល់ថាមិនមែនជាការសួរតែជាការឃាត់ខ្លួនឃាត់អីវិញ”។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកស្រី ចក់ សុភាព មានប្រសាសន៍ថាការសាកសួររបស់អង្គភាពប្រឆាំងអំពើពុករលួយគឺមានភាពមិនប្រក្រតីតាំងពីដំបូង។ លោកស្រីបន្តថាអង្គភាពកំពុងធ្វើខុសនីតិវិធីនៃការសាកសួរដោយសារការសួរនេះហួសពីម៉ោងការងាររដ្ឋបាល។ លោកស្រីមានប្រសាសន៍ថា៖ “មើលទៅហាក់ដូចជាសញ្ញាណនៃការគំរាមកំហែងលើសិទ្ធិរបស់មន្រ្តីសិទ្ធិមនុស្សដោយសារពាក់ព័ន្ធនឹងលទ្ធភាពនៃការធ្វើការ ហើយបើយើងធ្វើការហួសម៉ោងកម្រិតពេកវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់កម្រិតនៃការឆ្លើយតបរបស់អ្នកដែលត្រូវគេសួរ”។
នាយកប្រតិបត្តិសមាគមធាងត្នោតលោក អ៊ី សារ៉ុម យល់ថាការកោះហៅនេះមិនមានមេធាវី ដូច្នេះនីតិវិធីក្នុងស្ថាប័ននេះមានភាពមិនប្រក្រតីនៃការសាកសួរ។ លោកបន្តថាការសាកសួរអូសបន្លាយពេលវេលាហួសហេតុដោយលោកចាត់ទុកជារំលោភលើសិទ្ធិបុគ្គល។ លោកមានប្រសាសន៍ថា៖ “វាជាមន្ទិលសង្ស័យរបស់ពួកយើង ហើយមានភាពមិនច្បាស់លាស់និងមើលឃើញកាន់តែច្បាស់ហើយថាជាការរំលោភសិទ្ធិមនុស្សដែលមិនបង្ហាញតម្លាភាពនៃការសាកសួរ ហើយគួរផ្តល់ដំណឹងនៃការកើតឡើងនៅខាងក្នុងជាជាងការសួររាប់ម៉ោង”។
វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បាននៅឡើយទេនៅព្រឹកថ្ងៃសុក្រនេះ ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
កាលពីថ្ងៃពុធ អង្គភាពប្រឆាំងអំពើពុករលួយបានសាកសួរមន្រ្តីសមាគមសិទ្ធិមនុស្សអាដហុកចំនួន៤រូបដោយក្នុងនោះមន្ត្រី៣រូបត្រូវអង្គភាពសាកសួរអស់រយៈពេលជាង១៤ម៉ោង ពោលគឺដល់ម៉ោងជាង១០យប់។ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានបន្តសួរអ្នកទាំង៣បន្ថែមទៀតជាមួយនឹងមន្ត្រីអាដហុកមួយរូបទៀតនិងប្រធានអង្គការស៊ីលីការ លោកស្រី ធីតា ឃឹះ ព្រមទាំងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក នី ចរិយា។
ទោះយ៉ាងណាលោកស្រី ធីតា ឃឹះ ត្រូវបានត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញក្រោយការសាកសួរកាលពីម៉ោង១២ថ្ងៃត្រង់ម្សិលមិញ តែមន្ត្រី៤រូបរបស់អង្គការអាដហុកនិងលោក នី ចរិយា មិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីអង្គភាពនៅឡើយទេ។
មន្រ្តីអាដហុក៤រូបដែលកំពុងត្រូវឃាត់ខ្លួនដើម្បីសាកសួរនៅអង្គភាពប្រឆាំងអំពើពុករលួយជាមួយលោក នី ចរិយា រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី។
ACUកោះហៅមន្រ្តីសង្គមស៊ីវិលដើម្បីសាកសួរបន្ទាប់ពីកញ្ញាស្រីមុំ បានសរសេរលិខិតចំហរមួយដោយលើកឡើងថាមន្រ្តីសង្គមស៊ីវិលមួយចំនួនរួមមានមន្រ្តីអាដហុកទាំង៥រូបដែលត្រូវបានកោះហៅ បានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយនៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ។
កាលពីថ្ងៃអង្គារ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក ធន សារាយ លើកឡើងថាការផ្តល់លុយឲ្យកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ក្នុងពេលផ្តល់សេវាការពារសិទ្ធិមនុស្ស មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ។ ប្រធានសមាគមអាដហុកឲ្យដឹងទៀតថាសមាគមបានផ្តល់ប្រាក់ចំនួន២០៤ដុល្លារសម្រាប់ការធ្វើដំណើរតាមការស្នើសុំរបស់ស្រីមុំដែលថានាងជួបការលំបាកក្នុងជីវភាព។ លោកបញ្ជាក់ថាបុគ្គលិកសមាគមមិនបានប្រព្រឹត្តអំពើពុករលួយ ហើយលោកដាក់ការងឿងឆ្ងល់ថា តើហេតុអ្វីបានជាអង្គភាពប្រឆាំងអំពើពុករលួយកោះហៅបុគ្គលិកសមាគម។
លោក ធន សារាយ បញ្ជាក់ថាអ្វីដែលបុគ្គលិកសមាគមផ្តល់ប្រឹក្សាច្បាប់គឺធ្វើតាមចម្លើយរបស់កញ្ញាស្រីមុំ។ លោកបញ្ជាក់ថាកញ្ញាស្រីមុំបានប្រាប់ទៅតុលាការនូវការពិតមួយទៀតដែលខុសពីការពិតមួយដែលនាងប្រាប់ទៅសមាគមកាលពីដំបូងឡើយ។ លោកបន្ថែមថាសមាគមមានភស្តុតាងគ្រប់គ្រាន់ដែលអាចបញ្ជាក់ថាបុគ្គលិកសមាគមមិនបានបង្ខិតបង្ខំឲ្យនាងនិយាយកុហកទៅតុលាការ៕