យ៉ាងហោចណាស់មានមនុស្សស្លាប់១២នាក់និងរបួស៦០នាក់ ដោយសារតែគ្រោះធម្មជាតិ ខ្យល់ព្យុះ និងរន្ទះបាញ់ ព្រមទាំងខូចខាតទ្រព្យសម្បត្តិជាច្រើនទៀត។ នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាល។
នាយខុទ្ទកាល័យនិងជាអនុប្រធានគ្រប់គ្រងព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានឲ្យដឹងថា បើតាមរបាយការណ៍ក្នុងរយៈពេល៤ខែមានគ្រោះមហន្តរាយកើតឡើងចំនួន៤៧លើកក្នុងចំនួន១៤ខេត្ត។ លោកបន្ថែមថាការរងគ្រោះដោយសារខ្យល់ព្យុះបាក់ផ្ទះនិងដើមឈើបណ្ដាលឲ្យមនុស្សស្លាប់៤ នាក់និងរបួស៤៧នាក់ ចំណែកឯ៨នាក់ទៀតស្លាប់និង១៣នាក់របួសដោយសាររន្ទះបាញ់។
លោកបន្ថែថា គ្រោះធម្មជាតិនេះក៏បណ្តាលឲ្យខូចខាត់ទ្រព្យសម្បត្តិជាច្រើនដែរដូចជាផ្ទះដែលរលំនិងខូចខាតទាំងស្រុងមានចំនួន២៤៣ខ្នងនិងផ្ទះរបើកដំបូលនិងខូចខាតមធ្យមមានចំនួន១០២២ខ្នង និងមានខូចខាតអគាផ្សេងៗជាច្រើនទៀត។
លោក កែវ វី កត់សំគាល់ថាគ្រោះមហន្តរាយទាំងនោះកើតឡើងនៅខេត្តចំនួន១៤ដូចជា សៀមរាប ឧត្តមមានជ័យ ព្រះវិហារ រតនគីរី ប៉ៃលិន និងខេត្តមួយចំនួនទៀត។
បើតាមអនុប្រធានគ្រប់គ្រងព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ករណីគ្រោះមហន្តរាយទាំងនោះត្រូវបានអាជ្ញាធរមូលដ្ឋានព្យាយាមដោះស្រាយនិងសង្រ្គោះបន្ទាន់ទៅតាមលទ្ធភាពផងដែរ៕