នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះអំពាវនាវកុំឲ្យមានការភ្នាល់បាល់ ខណៈដែលការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់អ៊ឺរ៉ុបកំពុងតែប្រព្រឹត្តិទៅនៅប្រទេសបារាំង។
នៅពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល លោក ហ៊ុន សែន ដែលលោកផ្ទាល់ក៏បានតាមដានព្រឹត្តិការណ៍ប្រកួតបាល់ទាត់អ៊ឺរ៉ុបនោះថ្លែងថា “គ្រាន់តែមើលបានហើយកុំភ្នាល់។ ប្រយ័ត្នភ្នាល់ហើយចាញ់លុយអស់សុំឲ្យសម្តេចជួយៗអត់បានទេនិយាយគ្នាឲ្យហើយ”។
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់អ៊ឺរ៉ុបឆ្នាំនេះគឺប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះដោយប្រព្រឹត្តិទៅរយៈមួយខែចាប់តាំងពីក្នុងខែឧសភាមក។
ក្នុងពេលចែកសញ្ញាបត្រកាលពីថ្ងៃទី១៣ខែមិថុនា លោក ហ៊ុន សែន បានប្រកាសឲ្យត្រៀមខ្លួនមើលការប្រកួតបាល់ទាត់។ លោកបានទាញយកទូរសព្ទដៃបើកមើលលទ្ធផលបាល់ទាត់ដោយថ្លែងថា “បារាំងនិងរ៉ូម៉ានី អាហ្នឹងខ្ញុំឈ្នះ ដល់ទៅស្វីសនិងអាល់បានីអាហ្នឹងខ្ញុំចាញ់ ដល់ទៅវើលជាមួយស្លូវ៉ាគី អាហ្នឹងខ្ញុំចាញ់ទៀត ដល់ទៅអង់គ្លេស និងរុស្ស៊ីអាហ្នឹងខ្ញុំស្មើ។ ហើយចុះបើវាទាត់ស្មើ។ ដល់ទៅក្រូអាតនិងតួគីអាហ្នឹងខ្ញុំចាញ់ ដល់ទៅប៉ូឡួញនិងន័រអាយលែនអាហ្នឹងខ្ញុំឈ្នះ ព្រោះខ្ញុំយកប៉ូឡូញ…ថាអីចឹង លោក ហ៊ុន សែន បង្រៀនចាក់បាល់ហើយអាហ្នឹងរឿងផ្សេងទេ”។
កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាលោកបានភ្នាល់ប្រាក់ចំនួន៥ពាន់ដែលមជ្ឈដ្ឋានជាច្រើនយល់ថា៥ពាន់ដុល្លារលើការប្រកួតកីឡាប្រដាល់របស់អាមេរិក Floyd Mayweather ជាមួយកីឡាករហ្វីលីពីន Manny Pacquiao។ ប៉ុន្តែលោក ហ៊ុន សែន បញ្ជាក់ថាលោកមិនឲ្យលុយទៅមន្ត្រីដែលលោកភ្នាល់ចាញ់នោះទេ ដោយសារលោកមិនពេញចិត្តនឹងលទ្ធផលនេះ។ ក្រោយមកលោកបានអះអាងថា លោកភ្នាល់តែ៥ពាន់រៀលប៉ុណ្ណោះមិនមែន៥ពាន់ដុល្លារទេ។
ប៉ុន្តែសារព័ត៌មានអន្តរជាតិល្បីៗរួមមាន AFP, Telegraph, Foreign Policy, និង Straits Times ជាដើមបានចុះផ្សាយពីការភ្នាល់ប្រដាល់ដោយនាយករដ្ឋមន្រ្តីកម្ពុជាពេលនោះ៕