ប្រទេសកម្ពុជាត្រូវបានសម្រេចឲ្យជាប់ជាគោលដៅទេសចរណ៍ដែល ”ល្អបំផុត” ដោយក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មអឺរ៉ុប (EUROPEAN COUNCIL ON TOURISM AND TRADE) កាលពីថ្ងៃទី១២ ខែមិថុនា។
យោងតាមព័ត៌មានរបស់ក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មអឺរ៉ុបប្រទេសចំនួន២៩បានចុះឈ្មោះចូលរួមប្រកួតពានរង្វាន់គោលដៅទេសចរណ៍ ”ដ៏ល្អបំផុត” នេះ ហើយបន្ទាប់ពីឆ្លងកាត់ការវាយតម្លៃនិងពិនិត្យយ៉ាងល្អិតល្អន់ កម្ពុជាត្រូវបានជ្រើសរើសឲ្យទទួលរង្វាន់នេះ។
ព័ត៌មានដដែលបន្តថាការជ្រើសរើសឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់នេះដោយសារកម្ពុជាមានសម្បត្តិបេតិកភ័ណ្ឌជាច្រើនដូចជាប្រាសាទព្រះវិហារ ប្រាសាទអង្គរវត្ត អង្គរធំ និងបាយ័នជាដើម។ ក្រៅពីនោះតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនិងធម្មជាតិដែលត្រូវបានអភិរក្សនៅតាមបណ្តាខេត្តនិងតំបន់ផ្សេងៗទៀតក៏បានជួយឲ្យកម្ពុជាទទួលបានរង្វាន់នេះផងដែរ។
ព័ត៌មានដដែលបញ្ជាក់ថាកម្ពុជាត្រូវតែប្រើប្រាស់ឱកាសពិសេសនេះដើម្បីទាក់ទាញអ្នកវិនិយោគនិងទេសចរណ៍ពីប្រទេសដែលជាសមាជិកអាស៊ាន។
គួររំលឹកផងដែរថាម្ចាស់ពានរង្វាន់គោលដៅទេសចរណ៍ល្អបំផុតកាលពីឆ្នាំ២០១៥គឺសហព័ន្ធសាធារណរដ្ឋប្រជាធិបតេយ្យអេត្យូពី៕