អាជ្ញាធរកម្ពុជាឲ្យដឹងថាអគ្គីភ័យបានឆាបឆេះតូបលក់ដូររបស់អាជីវករនៅផ្សាររុងក្លឿក្នុងទឹកដីថៃជាប់ព្រំដែនខេត្តបន្ទាយមានជ័យនៅម៉ោងមួយរំលងអាធ្រាតឈានចូលថ្ងៃទី២០ខែមិថុនានេះ។
អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ប្រាប់VODនៅព្រឹកថ្ងៃចន្ទនេះថាអគ្គីសភ័យបានឆាបឆេះអស់ប្រមាណ៥តូប ដោយមន្ដ្រីជំនាញសង្ស័យថាមកពីឆ្លងចរន្ដអគ្គិសនី។ ប៉ុន្តែលោកថាអគ្គីភ័យនេះមិនបណ្ដាលឲ្យមានមនុស្សគ្រោះថ្នាក់នោះទេ។
ចំណែកតូបលក់ដូរចំនួន៥ដែលឆេះអស់នោះ លោក ង៉ោ ម៉េងជ្រួន ថាមិនដឹងជាតូបរបស់អាជីករខ្មែរឬថៃទេ ដោយលោកថាមិនទាន់មានរបាយការណ៍បញ្ជាក់ពីអាជ្ញធរថៃ។
កាលពីដើមខែកុម្ភ ឆ្នាំ២០១៦ អាជ្ញាធរថៃក៏បានចុះត្រួតពិនិត្យទំនិញក្លែងកម្មសិទ្ធិបញ្ញាឬបន្លំម៉ាកយីហោនៅផ្សាររុងក្លឿម្ដងដែរ។ នៅពេលនោះក្រុមអាជីវករខ្មែរបានប៉ះទង្គិចជាមួយសមត្ថកិច្ចថៃបណ្ដាលឲ្យរថយន្ត១គ្រឿង ខូចខាត់និងអាជីវករខ្មែរពីរនាក់ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនទៅតុលាការ៕