អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលើកឡើងថាគណបក្សសង្គ្រោះជាតិនឹងចូលធ្វើការក្នុងសភាវិញប្រសិនជាបក្សកាន់អំណាចបញ្ចប់នីតិវិធីតុលាការនិងដោះស្រាយបញ្ហានយោបាយឲ្យមានភាពប្រក្រតីដូចពាក់កណ្តាលឆ្នាំ២០១៥។
លោក យឹម សុវណ្ណ លើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃជាមួយអ្នកគាំទ្រនៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ។ លោកបញ្ជាក់ថាការចរចារនយោបាយមិនមែនធ្វើឡើងតែក្នុងរដ្ឋសភានោះទេ លោកថាការចរចារអាស្រ័យលើឆន្ទៈរបស់គណបក្សនយោបាយនីមួយៗ។
លោកមានប្រសាសន៍បន្ថែមថា៖ «យើងចរចារគ្នាយើងលើករបៀបវារៈ ហើយត្រូវលើកឲ្យចំ ខ្ញុំឃើញអ្នកនាំពាក្យគណបក្សប្រជាជនបានលើកមានសញ្ញាណវិជ្ជមានមួយដែលគាត់និយាយថាបញ្ចប់នីតិវិធីតុលាការ … បើសិនមានឆន្ទៈ គឺគេអាចបញ្ចប់បានយ៉ាងខ្លី … »។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថាតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចូលសភាឬអត់គឺជាការទទួលខុសត្រូវរបស់គណបក្សសង្គ្រោះជាតិចំពោះម្ចាស់ឆ្នោត។
លោកមានប្រសាសន៍ថា៖ «… ខ្លួនឯងរត់ចោលសភាខ្លួនឯងនិយាយថាត្រូវទៀត ម៉េចត្រូវ? សភាអត់បានរត់ចោលគាត់ទេ គឺគាត់រត់ចោលសភាចឹងគាត់ជាអ្នកទទួលខុសត្រូវ ដំណោះស្រាយមានបញ្ហាតែប៉ុណ្ណឹងទេ តែអ្នកប្រព្រឹត្តល្មើសច្បាប់ត្រូវឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ … »។
គួរបញ្ជាក់ថាក្រោយពីមានព្រឹត្តិការណ៍តាមចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី២៦ ខែឧសភា មិនបានសម្រេច គណបក្សសង្គ្រោះជាតិបានប្រកាសមិនចូលប្រជុំសភាជាបណ្តោះអាសន្ននិងប្រកាសប្រើកម្លាំងមហាជនតទល់នឹងកម្តៅនយោបាយនេះដែលបក្សប្រឆាំងគិតថាជម្រើសនេះអាចធ្វើឲ្យស្ថានការនយោបាយវិលទៅរកស្ថានភាពដើម ធានាដល់ការបោះឆ្នោតឆ្នាំ២០១៧និង២០១៨ខាងមុខប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕