ប្រជាពលរដ្ឋចំនួន៣ភូមិនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ស្នើឲ្យដកមេឃុំមួយរូបមកពីគណបក្ស សម រង្ស៊ី ដោយពួកគេអះអាងថាមេឃុំរូបនោះមិនបម្រើការងារជូនពលរដ្ឋនិងប្រព្រឹត្តអំពើពុករលួយ។
អ្នកស្រី សឹង សាំ អះអាងថាជាតំណាងឲ្យពលរដ្ឋនិងជាសកម្មជនដីធ្លីនៅសហគមន៍ឃុំប្រមេរ បានប្រាប់VODថា អ្នកភូមិជនជាតិដើមភាគតិចកួយបានស្នើទៅថ្នាក់ដឹកនាំគណបក្សប្រឆាំងប្រចាំនៅខេត្តនេះឲ្យដកហូតលោក ណែម ថាំង មេឃុំប្រមេរមកពីគណបក្ស សម រង្ស៊ី ចេញពីតំណែង។
អ្នកស្រីបន្ថែមថាអ្នកភូមិជនជាតិដើមភាគតិចកួយរងការរំលោភដីធ្លីពីសំណាក់ក្រុមហ៊ុនចិន ប៉ុន្ដែមេឃុំរូបនោះមិនខ្វល់ពីទុក្ខលំបាករបស់ពួកគេដែលផ្ទុយពីការសន្យាមុនពេលជាប់ឆ្នោតជាមេឃុំប្រមេរ។ អ្នកស្រីបន្ដថា លោក ណែម ថាំ បានឃុបឃិតជាមួយក្រុមហ៊ុនប្រព្រឹត្តអំពើរពុករលួយជាថ្នូរមិនដោះស្រាយជម្លោះដីធ្លីជូនពួកគាត់។
អ្នកស្រីមានប្រសាសន៍ថា៖ «គាត់អត់បម្រើប្រជាពលរដ្ឋ។ គាត់ថាពេលជាប់ឆ្នោត គាត់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ទើបពលរដ្ឋបោះឆ្នោតឲ្យ។ ដល់ពេលនោះជួយតែក្រុមហ៊ុនអត់ដោះស្រាយរឿងដីធ្លីជូនពលរដ្ឋទេ។ ពួកគាត់គិតឃើញចឹងហើយបានជាមិនចង់ទុក ពុករលួយយកលុយពីក្រុមហ៊ុនរាល់ថ្ងៃហ្នឹងឯង»។
អ្នកស្រី នួន ម៉ុន អះអាងជាតំណាងឲ្យអ្នកភូមិមួយរូបទៀត ឲ្យដឹងថាចាប់ពីឆ្នាំ២០១៣កន្លងមក លោក ណែម ថាំង មិនត្រឹមតែមិនដោះស្រាយនិងបំរើពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានចង្អុលបង្ហាញឲ្យក្រុមហ៊ុនឈូសឆាយដីសហគមន៍ថែមទៀតផង។
អ្នកស្រីបន្ដថានៅពេលពលរដ្ឋតវ៉ាទាមទារឲ្យមានដំណោះស្រាយដីធ្លីរបស់សហគមន៍ មេឃុំរូបនោះតែងកាន់ជើងខាងក្រុមហ៊ុននិងបង្អាក់ដំណើរការតវ៉ារបស់អ្នកភូមិ។
អ្នកស្រីមានប្រសាសន៍ថា៖ «ណែម ថាំង ហ្នឹង គាត់ទៅចង្អុលឲ្យក្រុមហ៊ុនទៅឈូសដីបងប្អូនប្រជាពលរដ្ឋ គេខឹងណាស់អត់ជួយប្រជាពលរដ្ឋទេ គិតតែជួយក្រុមហ៊ុន ចឹងហើយបានបងប្អូនចង់ដក ចង់ដកយូរហើយតែគណបក្សសង្គ្រោះជាតិរៀបចំអត់ទាន់បាន»។
ករណីនេះ សមាជិកក្រុមប្រឹក្សាខេត្ដព្រះវិហារមកពីគណបក្សសង្គ្រោះជាតិ លោក សុខ ណារៀន មានប្រសាសន៍ថា លោកបានទទួលបណ្ដឹងផ្ទាល់មាត់ពីពលរដ្ឋចំនួន៣ភូមិ ហើយថាគណបក្សខេត្ដនេះបានដាក់ពាក្យទៅក្រសួងមហាផ្ទៃស្នើសុំដោះដូរមេឃុំរូបនោះរួចរាល់ហើយ ប៉ុន្ដែក្រសួងមិនទាន់សម្រេចយ៉ាងណានៅឡើយទេ។
លោកបន្ដថាគណបក្សបានតែងតាំងជំទប់ទី១នៃគណបក្សនេះជាបណ្ដោះអាសន្នតាមនីតិវិធីច្បាប់។
លោកមានប្រសាសន៍ថា៖ «គាត់ប្រមាថដុតផ្ទះមេឃុំប្រជាពលរដ្ឋបំរុងបបួលគ្នាលើកមកបាតុកម្ម នៅទីស្នាក់ការគណបក្សទៀត ដើម្បីឲ្យដោះដូរមេឃុំហ្នឹងចេញ ដល់ពេលចឹងខ្ញុំបានពិគ្រោះជាមួយប្រធានគណបក្សសមរង្ស៊ី ប្រធានគាត់មិនកើតទេត្រូវតែដូរ ជាពិសេសគាត់បានស្ដាប់សំឡេងប្រជាពលរដ្ឋផ្ទាល់ ប្រធានថាមិនកើតទេចឹងគាត់ស្ដាប់រឿងច្បាស់ដែរចឹងគាត់ស្នើសុំឲ្យធ្វើការដោះដូរមេឃុំហ្នឹងចេញ»។
អតីតមេឃុំប្រមេរ ស្រុកត្បែងមានជ័យលោក ណែម ថាំង អះអាងថាការទាមទារដកតំណែងលោកពីមេឃុំនេះលោកថាដោយសារគណបក្សសង្គ្រោះជាតិប្រតិកម្មនឹងលោកដែលជួយរដ្ឋាភិបាល។ លោកបដិសេធការចោទថាលោកប្រព្រឹត្តិអំពើពុករលួយជាមួយក្រុមហ៊ុន។ ប៉ុន្តែលោកថាការទាមទារដកតំណែងរបស់លោកនេះជាសិទ្ធិរបស់ពលរដ្ឋ។
ទោះជាយ៉ាងណាមន្ដ្រីផ្នែកតស៊ូមតិនៃអង្គការពន្លកខ្មែរលោក ប៉ឹក សោភណ្ឌ មានប្រសាសន៍ថាតាមការចុះធ្វើការជាមួយពលរដ្ឋផ្ទាល់លោកថា មេឃុំរូបនោះមិនសូវបំពេញការងារជូនពលរដ្ឋឡើយ ដែលលោកថាទំនងខ្លាចគំនាបពីអាជ្ញាធរ។
លោក ប៉ឹក សោភណ្ឌ ស្វាគមន៍ការចង់ផ្លាស់ប្ដូររបស់ពលរដ្ឋ ដោយលោកអះអាងថានៅក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យថ្នាក់ដឹកនាំដែលកាន់អំណាចដោយពលរដ្ឋគឺពួកគេមានសិទ្ធិទាមទារដកតំណែងវិញនៅពេលថ្នាក់ដឹកណាម្នាក់ប្រព្រឹតខុសច្បាប់និងមិនបំរើពួកគាត់៕