លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះបានវាយបកលើអ្នករិះគន់លោកតាមប្រព័ន្ធហ្វេសប៊ុកដែលថានាយករដ្ឋមន្រ្តីចែកសញ្ញាបត្រដល់និស្សិតគឺរំលោភលើតួនាទីរបស់រដ្ឋមន្រ្តីក្រសួងអប់រំ។
ក្នុងពិធីរំលឹកខួបលើកទី៦៥នៃការបង្កើតស្ថាប័នគយនិងរដ្ឋាករ លោក ហ៊ុន សែន បានវាយបកដោយមិនបញ្ចេញឈ្មោះទៅលើអ្នកដែលសរសេរ comment នៅលើហ្វេសប៊ុករបស់លោកថា “រដ្ឋមន្រ្តីក្រសួងអប់រំអស់ការងារធ្វើហើយ បើនាយករដ្ឋមន្រ្តីទៅចែកសញ្ញបត្ររហូត“។ លោកបន្ថែមថាអ្នកដែលលើកឡើងបែបនោះនឹងរត់ចោលស្រុក ប្រសិនបើលោកបំផុសបំផុលដល់និស្សិត។
លោកបានលើកឡើងថា៖ “ខ្ញុំទៅចែកសញ្ញាប័ត្រឲ្យនិស្សិត គេថារដ្ឋមន្រ្តីក្រសួងអប់រំទៅជាធាក់ស៊ីក្លូហើយ ព្រោះយើងទៅដណ្ដើមការងាររបស់រដ្ឋមន្រ្តីក្រសួងអប់រំ។ វាទៅឆ្គុយអញ្ចឹងទៅ comment ចូលក្នុងហ្វេសប៊ុកធ្វើឡូយទៀត ប៉ុន្តែត្រូវដឹងថានិស្សិតទាំងឡាយគេត្រូវការនាយករដ្ឋមន្រ្តីទៅចែកសញ្ញាប័ត្រឲ្យពួកគេ សូមកុំភាន់ច្រឡំ បើសិនជាខ្ញុំបំផុសនិស្សិតអ្នកឯងរត់ចោលស្រុកហើយ”។
លោកលើកឡើងបន្ថែមថាដើម្បីចង់បាននាយករដ្ឋមន្រ្តីទៅចែកសញ្ញាប័ត្រជាកិត្តិយសដល់និស្សិត សាលានីមួយៗព្យាយាមដាក់លិខិតស្នើសុំជាមុនពី៣ទៅ៥ខែ៕