ប្រមុខរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុបលើកទី១១ នៅប្រទេសម៉ុងហ្គោលី ដោយនឹងមានការពិភាក្សាពីបញ្ហាតំបន់ ពាណិជ្ជកម្ម និងបញ្ហាបំរែបម្រួលអាកាសធាតុជាដើម។
បើតាមព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលអ៊ឺរ៉ុប-អាស៊ីចំនួនពីរថ្ងៃនៅទីក្រុងអ៊ូឡង់ប៉ាទ័រ ប្រទេសម៉ុងហ្គោលី។ ក្នុងកិច្ចប្រជុំនេះនឹងមានពិភាក្សាពីបំរែបំរួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព និងប្រព័ន្ធពហុពាណិជ្ជកម្ម ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ សន្តិសុខថាមពល សន្តិសុខស្បៀង ការគ្រប់គ្រងទឹក ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ។ នេះបើតាមព័ត៌មាននៅលើទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីដដែល។
គួរបញ្ជាក់ថាកិច្ចប្រជុំកំពូលអ៊ឺរ៉ុប-អាស៊ីនេះជាកិច្ចសន្ទនាមួយរវាងប្រទេសជាដៃគូទាំង៥១ដែលក្នុងនោះមាន៣០មកពីអ៊ឺរ៉ុបនិង២១មកពីតំបន់អាស៊ី។ កិច្ចប្រជុំនេះបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ក្នុងគោលបំណងបង្កើតឲ្យមានការសន្ទនាគ្នាពីបញ្ហាសេដ្ឋកិច្ច វប្បធម៌ និងនយោបាយ ដោយឈរលើការគោរពគ្នាទៅវិញទៅមក៕