លោកនាយករដ្ឋមន្ត្រីប្រាប់ឲ្យពលរដ្ឋចូលរួមពង្រឹងនីតិរដ្ឋនិងទៅចុះឈ្មោះបោះឆ្នោត

លោក ហ៊ុន សែន ក្នុងពិធីសំណេះសំណាល ខេត្តបាត់ដំបង (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅយប់ថ្ងៃទី២០ ខែកក្កដានេះបានសរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដោយប្រាប់ឲ្យពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមពង្រឹងនីតិរដ្ឋឲ្យបានល្អរឹងមាំនិងកុំភ្លេចទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នានៅពេលខាងមុខ។

លោកនាយករដ្ឋមន្ត្រីលើកឡើងដូច្នេះស្របពេលដែលលោកបានធ្វើដំណើរដោយរថយន្តទៅកាន់ខេត្តបាត់ដំបង ដើម្បីជួបនិងសំណេះសំណាលជាមួយមន្រ្តីរាជការក៏ដូចជាពលរដ្ឋដែលរស់នៅទីនោះ។

យោងតាមខ្លឹមសារដែលសរសេរក្នុងទំព័រហ្វេសប៊ុក លោក ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមទៀតថា លោកនឹងគ្រោងបន្តធ្វើដំណើរទៅគ្រប់២៥រាជធានីខេត្តក្រុង ដើម្បីយកចិត្តទុកដាក់ដោះស្រាយសេវាតម្រូវការចាំបាច់នានា ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សនិងមានប្រសិទ្ធិភាព ព្រមទាំងលុបបំបាត់កំហុសឆ្គងនិងភាពអសកម្ម។

លោកនាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកឲ្យលុបបំបាត់ទាំងអស់នូវកុងត្រូលគ្រប់ប្រភេទទោះជជុះឬមិនជជុះ ហើយរំលឹកបន្ថែមឲ្យមន្រ្តីរាជការនិងកងប្រដាប់អាវុធទាំងអស់ត្រូវចូលរួមគាំទ្រសមត្ថកិច្ចគយនិងពន្ឋដារក្នុងការប្រមូលចំណូល។

សារក្នុងទំព័រហេ្វសប៊ុកនោះឲ្យដឹងទៀតថាលោកនាយករដ្ឋមន្រ្តីបានផ្តាំផ្ញើមន្រ្តីពាក់ព័ន្ធនិងអាជ្ញធរមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ការពារព្រៃឈើនិងដោះស្រាយទំនាស់ដីធ្លីក្នុងខេត្តនីមួយៗរបស់ខ្លួនឲ្យបានល្អនិងមានប្រសិទ្ធិភាព។

គួរបញ្ជាក់ថានៅថ្ងៃទី២១ ខែកក្កដា លោកនឹងបន្តដំណើរទៅខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាប ហើយបន្ទាប់មកគឺខេត្តកំពង់ធំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ