បណ្តុំអង្គការសមាគមចំនួន៦បានអំពាវនាវឲ្យសមាជិករបស់ខ្លួនចូលរូមដង្ហែសពអ្នកវិភាគបញ្ហាសង្គមលោក កែម ឡី ឲ្យបានច្រើនកុះករនៅចុងសប្តាហ៍នេះ។
បណ្តុំអង្គការសមាគមទំាងនោះរួមមានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា សម្ព័ន្ធសហគមន៍កសិករកម្ពុជា សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា និងសហព័ន្ធសហជីពកម្មករនិយោជិកទេសចរណ៍អាស៊ាន។
សពលោក កែម ឡី នឹងត្រូវដង្ហែចេញពីវត្តចាស់ក្នុងសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ទៅតម្កល់នៅស្រុកកំណើតរបស់លោកនៅក្នុងខេត្តតាកែវនៅថ្ងែអាទិត្យទី២៤ ខែកក្កដា ឆ្នាំ២០១៦។
សេចក្តីអំពាវនាវរបស់បណ្តុំអង្គការទំាងនោះដែលVODទទួលបាននៅថ្ងៃសុក្រនេះបានឲ្យដឹងថាសមាជិក សមាជិកាទំាងអស់នៃបណ្តុំអង្គការសមាគមទំាង៦ខាងលើអាចចូលរួមជូនដំណើរចុងក្រោយដល់សពវីរជននៃសេរីភាពបញ្ចេញមតិលោកបណ្ឌិត កែម ឡី វេលាម៉ោង៧ព្រឹក ដោយជួបជុំគ្នានៅវត្តពោធិយារាម(ហៅវត្តចាស់) ត្រើយខាងកើតនៃស្ពានជ្រោយចង្វា រាជធានីភ្នំពេញ។
គណៈកម្មការបុណ្យសពលោក កែម ឡី ប្រមាណថានឹងមានអ្នកចូលរួមក្នុងការដង្ហែសពលោកអាចមានចំនួន៥០ម៉ឺននាក់សម្រាប់ការហែទៅបញ្ចុះនៅស្រុកកំណើតរបស់លោកនៅថ្ងៃអាទិត្យនេះនៅខេត្តតាកែវ។
គួរបញ្ជាក់ថាលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅពេលគាត់កំពុងពិសារកាហ្វេនៅម៉ាតមួយកន្លែងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទិត្យទី១០ ខែកក្កដា។ ប៉ុន្មានម៉ោងក្រោយការស្លាប់របស់លោក កែម ឡី សពរបស់លោកត្រូវបានដង្ហែទៅតម្កល់នៅវត្តចាស់ សង្កាត់ជ្រោយចង្វា។ បើគិតដល់ថ្ងៃអាទិត្យទី២៤ដែលជាថ្ងៃដង្ហែសពលោកទៅស្រុកកំណើតវិញនោះគឺមានចំនួនពីរសប្តាហ៍៕