លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តូរឈ្មោះថ្មីដល់ផ្សារស្ទឹងត្រែងនិងថាអាជីវករអាចប្រកបរបរបរបស់ខ្លួនពេញមួយជិវិតដោយមិនបាច់បង់ប្រាក់ឡើយ។
កាលពីយប់ថ្ងៃទី០៧ មេសា ឆ្នាំ២០១៦ មានហេតុការណ៍ឆេះផ្សារស្ទឹងត្រែងដែលបណ្តាលឲ្យតូបនៅក្នុងផ្សារទាំងអស់១២២០តូបត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញទាំងស្រុង។ បន្ទាប់ពីមានហេតុការណ៍នេះនៅថ្ងៃទី១០ ខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកនឹងធានាសាងសង់ផ្សារជូនអាជីវករសម្រាប់លក់ដូរឡើងវិញ។
ក្រោយពីបានជួបជាមួយមន្ត្រីរាជការនិងអាជីករផ្សារស្ទឹងត្រែងកាលពីថ្ងៃ២៦ កក្កដា ម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើគេហទំព័រហ្វេសបុកថា៖ “អាជីវករទាំងអស់អាចប្រកបរបររកស៊ីទទួលទាននៅក្នុងផ្សារនេះអស់មួយជីវិតតកូនតចៅអត់បង់លុយអ្វីឡើយ តែត្រូវបង់ពន្ឋ និងភាស៊ី ហើយជ្រើសរើសគណៈកម្មការផ្សារដោយខ្លួនឯង។ តែមិនចេញប័ណ្ណកម្មសិទ្ឋិឲ្យយទេ”។
លោកបន្ថែមថា លោកក៏បានសម្រេចប្តូរឈ្មោះផ្សារនេះទៅឈ្មោះផ្សារសាមគ្គីស្ទឹងត្រែងផងដែរ។
លោកបានសរសេរបន្ថែមទៀតថា ចំពោះទំហំតូបដែលអាជីវករត្រូវទទួលបាននោះគឺមានទំហំ ២មx២ម ហើយអាចទទួលបានចំនួនតូបដែលអាជីវករធ្លាប់មានពីមុន។
គួរបញ្ចាក់ផងដែរថាកាលពីថ្ងៃទី២៣ កក្កដា សប្តាហ៍មុនលោកនាយករដ្ឋមន្រ្តីបានប្រកាសឲ្យអាជីវករលក់ដូរអស់មួយជិវិតនៅក្នុងផ្សារស្ទឹងសែនខេត្តកំពង់ធំ បន្ទាប់ពីផ្សារនេះឆេះអស់មួយផ្នែកធំកាលពីឆ្នាំ២០១០។
ទាក់ទងទៅនឹងការសាងសង់ផ្សារស្ទឹងត្រែងត្រូវបានភ្នាក់ងារសារព័តមានកម្ពុជា (AKP) ឲ្យដឹងថាតម្លៃនៃការសាងសង់នេះអស់ទឹកប្រាក់ជាង១លានដុល្លារ ដែលបច្ចុប្បន្នផ្សារនេះបានសម្រេចការសាងសង់បាន៧០%ហើយដែលនឹងរំពឹងថានឹងត្រូវបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ៕