ក្រសួងថានឹងបន្តចាត់វិធានការទៅលើពេទ្យឯកជនដែលគ្មានជំនាញច្បាស់លាស់

ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាស្នើឲ្យមានការរៀបចំការប្រឡងត្រួតពិនិត្យទៅលើវេជ្ជបណ្ឌិតដែលកំពុងប្រកបវិជ្ជាជីវៈនៅតាមបណ្ដាគ្លីនិកឯកជន ខណៈរកឃើញថាកុមាររាប់រយនាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ ជាការឆ្លើយតបនឹងសំណើនោះ ក្រសួងអះអាងថាគ្រូពេទ្យដែលអាចបើកគ្លីនិកឯកជនបានតាមច្បាប់គឺសុទ្ធតែឆ្លងកាត់ការបណ្តុះបណ្តាលមានសញ្ញាបត្រស្រាប់ទៅហើយ។

លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ស្ថាបនិកនិងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផាបានស្នើដូច្នេះកាលពីម្សិលមិញ បន្ទាប់ពីមន្ទីរពេទ្យគន្ធបុប្ផាបានរកឃើញថាកុមារចំនួន៤៤៧នាក់បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនិងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោកនៅក្នុងថ្ងៃសៅរ៍ ក្នុងនោះកុមារចំនួន១៤៦នាក់មានជំងឺធ្ងន់ធ្ងរបំផុតដែលភាគច្រើនមកពីគ្លីនិកឯកជននិងមន្ទីរពេទ្យបង្អែក។

អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សូវ៉ាន់ នៅថ្ងៃចន្ទនេះបានប្រាប់វីអូឌីតាមរយៈទូរស័ព្ទថាគ្រូពេទ្យដែលអាចបើកគ្លីនិកតាមច្បាប់បានគឺសុទ្ធតែឆ្លងកាត់នូវការប្រលងយកសញ្ញាបត្រត្រឹមត្រូវរួចទៅហើយ ដូច្នេះអ្វីដែលក្រសួងអាចធ្វើបានគឺបន្តត្រួតពិនិត្យនិងចាត់វិធានការ។ លោកថាក្រសួងបានអនុវត្ត១០០ភាគរយហើយក្នុងការបិទសេវាពេទ្យឯកជនដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយការងារបន្តទៀតគឺពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យទៅលើគ្រូពេទ្យដែលគ្មានជំនាញច្បាស់លាស់។

លោកប្រាប់ថា៖ កន្លងមកយើងតែងតែឃើញ ហើយតែងតែមានសារព័ត៌មានចុះផ្សាយអំពីការព្យាបាលទៅស្រាប់តែមានការប៉ះពាល់ដល់អាយុជីវិតឬមួយក៏ភាពធ្ងន់ធ្ងរ ក្រសួងតែងតែបញ្ជូនមន្រ្តីធ្វើការអង្កេតការងារទាំងអស់នោះភ្លាមៗ ដើម្បីពិនិត្យគុណភាពហ្នឹងឲ្យកាន់តែល្អឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។

លោកបដិសេធការដែលមហាជននិយាយថាគុណភាពវិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសវិស័យឯកជនមានលក្ខណៈមិនសូវជាល្អដោយលោកអះអាងថាក្រោយពីក្រសួងចាត់វិធានការទៅលើគ្លីនិកឯកជនដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវកន្លងមក សេវាសុខាភិបាលនៅកម្ពុជាហាក់មានភាពល្អប្រសើរច្រើនឡើង។

លោកនិយាយថា៖ “ធម្មតាការងារយើងមិនអាចធ្វើសុក្រឹត្យបាន១០០%ភ្លាមទេ យើងនៅតែបន្តធ្វើជាបណ្តើរៗ សំខាន់បំផុតគឺធ្វើឲ្យដំណើរទៅមុខ ហើយខ្ញុំមិនយល់ថាក្រោយពីយើងខិតខំពង្រឹង សេវាហ្នឹងទៅជាអន់ជាងមុនទេ”។

នាយកប្រតិបត្តិអង្គការ HACC ដែលជាបណ្តាញអង្គការក្រៅរដ្ឋាភិបាលសិក្សាផ្តោតលើសុខភាពទូទៅ លោក ទឹម វរ៉ា យល់ឃើញថាប្រសិនបើមានវគ្គបណ្តុះបណ្តាលដល់គ្រូពេទ្យនៅតាមបណ្តាគ្លីនិកឯកជនគឺជាការប្រសើរជាងការដាក់ឲ្យប្រលងត្រួតពិនិត្យសមត្ថភាព ព្រោះគ្រូពេទ្យទាំងនោះបានទទួលសញ្ញាបត្រពីក្រសួងមុននឹងបើកគ្លីនិក។

លោកនិយាយថា៖ “ទាក់ទងរឿងគុណភាពហ្នឹង បើយើងមើលទៅវានៅតែមានចន្លោះខ្វះខាតធម្មតាទេ ខាងក្រសួងហ្នឹងបានចេញឲ្យគេហើយ ខ្ញុំគិតថាបើសិនជាខាងអ្នកទាំងអស់ហ្នឹង បើមានវគ្គបណ្តុះបណ្តាលមួយថ្មីឲ្យគាត់យល់ដឹងពីរឿងហ្នឹង ហើយមានក្រុមដើម្បីចុះទៅវាយតម្លៃក្នុងហ្នឹង ខ្ញុំគិតថាល្អ ប៉ុន្តែបើសិនជាខាងក្រសួងបានចេញជាវិញ្ញាបនបត្រទៅឲ្យគេ ហើយឲ្យគេប្រឡងឡើងវិញដកសញ្ញាប័ត្រខ្ញុំគិតថាវាជាបញ្ហាមួយ”។

ខណៈដែលវិស័យសុខាភិបាលនិងវិជ្ជាជីវៈគ្រូពេទ្យខ្មែរនៅតែជាបញ្ហារិះគន់មួយពីសំណាក់ប្រជាជនទូទៅ លោកហ៊ុន សែន នៅថ្ងៃទី២៩ ខែកុម្ភៈ ថ្លែងពីពិធីសម្ភោធអគារថ្មីនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុថាទោះបីជាគុណភាពគ្រូពេទ្យខ្មែរនៅមានចំណុចខ្វះខាតក៏ពិតមែន ប៉ុន្តែមិនច្រើនដល់ថ្នាក់៩០ឬ៩៩ភាគរយនោះទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ បានប្រកាសថាលោកអនុញ្ញាតឲ្យនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសជិត១០០នាក់ដែលជាប់ក្នុងវិញ្ញាសាទ្រឹស្តីតែធ្លាក់វិញ្ញាសាផ្ទាល់មាត់បានចូលរៀននៅសាកលវិទ្យាល័យសុខាភិបាល។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលគិតមកត្រឹមចុងខែធ្នូឆ្នាំ២០១៥ សេវាសុខាភិបាលឯកជនមានចំនួន៨៤៨៨កន្លែង ចាប់ពីប្រភេទមន្ទីរពេទ្យរហូតដល់បន្ទប់ថែទាំជំងឺនិងចាប់ពីឱសថស្ថានទៅឱសថស្ថានរងកនិងខមានចំនួន២១៥៦កន្លែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ