ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងចាត់វិធានការទៅលើបុគ្គលណាដែលបានសន្យាជួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១ខែសីហានេះ ក្រសួងអប់រំបានប្រតិកម្មទៅលើព័ត៌មានដែលថាមានជនឆ្លៀតឱកាសមួយចំនួនបានកំពុងសន្យាជួយបេក្ខជនឲ្យជាប់ក្នុងការប្រឡងជាថ្នូរនឹងថវិកាជាសគុណនិងព្រមានចំពោះបុគ្គលដែលប្រព្រឹត្តខុសទាំងនោះ។
សេចក្តីប្រកាសព័ត៌មានបានសេរសេរថា៖ “ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងបំពេញវិជ្ជាសម័យប្រឡង២២ សីហា ២០១៦ ខាងមុខ និងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានស្របតាមទិសស្លោក “អ្នកចេះគឺជាប់”។
ដើម្បីទប់ស្កាត់បញ្ហាទាំងឡាយដែលអាចកើតមានឡើងដែលនាំឲ្យមានការខាតបង់ថវិកានិងតម្លាភាពក្រសួងអប់រំអំពាវនាវឲ្យអាណាព្យាបាលនិងបេក្ខជនកុំឲ្យចាញ់ពាក្យភូតកុហករបស់ជនឆ្លៀតឱកាសនិងឲ្យពួកគាត់សហការជាមួយក្រសួងក្នុងការផ្តល់ព័ត៌មាន។
ក្រសួងអប់រំក៏បានអំពាវនាវឲ្យបេក្ខជនខិតខំប្រឹងប្រែងរៀនសូត្រនិងគោរពតាមបទប្បញ្ញត្តិនានាក្នុងពេលប្រឡងផងដែរ ដោយបញ្ជាក់ថា “បើចេះ គឺជាប់”។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងបំពេញវិជ្ជានឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃគឺថ្ងៃទី២២និង២៣ ខែសីហា ឆ្នាំ២០១៦៕