ប្រភពដែលសុំមិនឲ្យបញ្ចេញឈ្មោះបានទូរសព្ទប្រាប់វីអូឌីឲ្យដឹងថានៅម៉ោងប្រមាណ៣ព្រឹកនេះ សំណង់អាគារដែលទើបនឹងសង់ថ្មីរបស់ក្រុមហ៊ុន OCIC នៅក្នុងបរិវេណការដ្ឋានសំណង់អូឡាំពិកក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករាបានបាក់ ដែលលោកថាបណ្តាលមកពីជើងទម្រនៃសំណង់ដែលចាក់ថ្មីមិនរឹងមាំ។
ប្រភពដដែលបន្ថែមថាក្រោយពីមានហេតុការណ៍នេះក្រុមហ៊ុននិងមេការនៃសំណង់នេះបានហាមប្រាមមិនឲ្យកម្មករបញ្ចេញព័ត៌មាននេះទេនិងបានលើកសំណាញ់បិទបាំងសំណង់ដែលនេះទៀតផង។
ទាក់ទងទៅនឹងព័ត៌មាននេះ អគ្គនាយករងនៃក្រុមហ៊ុន OCIC លោក ទូច សំណាង បានបដិសេធយ៉ាងខ្លីថាដូចជាមិនមានហេតុការណ៍នេះកើតឡើងទេ ហើយអះអាងថាលោកជាប់រវល់។
វីអូឌីមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត និងលោក ជៀម សុផលមករា បាននៅឡើយទេនៅព្រឹកថ្ងៃសុក្រនេះ ដោយទូរសព្ទចូលតែគ្មានអ្នកទទួល។
ចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា ថាលោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។ ដោយលោកថាលោកនឹងពិនិត្យជាមួយអភិបាលខណ្ឌ៧មករាសិន។
វីអូឌីមិនអាចទាក់ទងសុំព័ត៌មានពីអភិបាលខណ្ឌ៧មករាលោក លឹម សុភា បាននៅឡើយ ដោយលោកជាប់រវល់ប្រជុំ។
កាលពីថ្ងៃទី៨ខែមិថុនាកន្លងទៅ ក្រោយពីមានភ្លៀងមួយមេធំបានបណ្តាលឲ្យបាក់ស្រុតផ្លូវដែលនៅតាមរបងនៃសំណង់អាគាររបស់ក្រុមហ៊ុននេះផងដែរ។ ហើយកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ មានដែកនៃសំណង់អាគារនៃក្រុមហ៊ុននេះបានធា្លក់ត្រូវក្បាលស្ត្រីម្នាក់បណ្តាលឲ្យស្លាប់បាត់បង់ជិវិត។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃ១៥ កក្កដា ២០១៥ មានករណីបាក់បេតុងចាក់ថ្មីសង្កត់ទៅលើកម្មករសំណង់អាគារនៅផ្សារត្រពាំងថ្លឹង ដែលមានទីតាំងនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធ៌សែនជ័យ ដែលបណ្តាលឲ្យមនុស្សបីនាក់រងរបួសធ្ងន់និងម្នាក់ទៀតបានស្លាប់ក្នុងហេតុការណ៍នោះ៕