រដ្ឋាភិបាលសម្រេចបង្កើនតម្លៃនៃការចូលទស្សនាប្រាសាទអង្គរនៅឆ្នាំក្រោយ ហើយថាថវិកាមួយចំនួនបានពីការលក់សំបុត្រនេះនឹងជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃ៥សីហានេះ គ្រឹះស្ថានអង្គរបានឲ្យដឹងថាចាប់ពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១៧ គឺរដ្ឋាភិបាលបានសម្រេចកែប្រែតម្លៃប័ណ្ណចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ភ្ញៀវទេសចរណ៍បរទេស។
ក្នុងសេចក្តីប្រកាសនោះបញ្ជាក់ថា ប័ណ្ណចូលទស្សនាមួយថ្ងៃនឹងត្រូវតម្លើងពី២០ដុល្លារទៅ៣៧ដុល្លារ ប័ណ្ណបីថ្ងៃត្រូវតម្លើងពី៤០ដុល្លារទៅ៦២ដុល្លារ និងប័ណ្ណមួយសប្តាហ៍ត្រូវតម្លើងពី៦០ទៅ៧២ដុល្លារ។ សេចក្តីជូនដំណឹងនេះបានឲ្យដឹងទៀតថា ចំពោះតម្លៃ២ដុល្លារដែលត្រូវបានរាប់បញ្ចូលក្នុងការលក់ប័ណ្ណនេះគឺសម្រាប់ផ្តល់ទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីព្យាបាលជំងឺដល់កុមារក្រីក្រកម្ពុជា។
របាយការណ៍៦ខែដើមឆ្នាំ២០១៦នេះ គ្រឹះស្ថានអង្គរបានប្រមូលចំណូលបានជាង៣១លានដុល្លារអាមេរិក ដោយមានភ្ញៀវបរទេសជាង១លាននាក់។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរមាន៣ប្រភេទ ដែលប័ណ្ណចូលទស្សនាមួយថ្ងៃតម្លៃ២០ដុល្លារ បីថ្ងៃតម្លៃ៤០ដុល្លារ និងប្រាំពីរថ្ងៃតម្លៃ៦០ដុល្លារ៕