ក្រសួងសាធារណការនិងដឹកជញ្ជូនបាននិយាយថា អាជ្ញាធរត្រួតពិនិត្យលើការដឹកជញ្ជូនបានប្រមូលបានប្រាក់ជាង៤៥៩លានរៀល តាមរយៈការផាកពិន័យទៅលើរថយន្តដឹកជញ្ជូនលើសទម្ងន់នៅក្នុងខែកក្កដាកន្លងមក។
យោងតាមតួលេខចេញដោយក្រសួងសាធារណការនៅថ្ងៃអង្គារនេះ រថយន្តផ្ទុកលើសទម្ងន់ចំនួន១៩០គ្រឿង ត្រូវបានសមត្ថកិច្ចចាប់បានកាលពីខែកក្កដាកន្លងមកពោលគឺបានធ្លាក់ចុះពីចំនួន២៦៥គ្រឿងនៅក្នុងខែមិថុនា ហើយផាកពិន័យបានថវិកាជាង៤៥៩លានរៀល។
ក្រសួងបាននិយាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា រថយន្តទាំងនោះបានផ្ទុកទំនិញលើសទម្ងន់ចាប់ពី៤តោន រហូតដល់៣៣តោន ដែលក្រសួងចាត់ទុកជាកក្តាចម្បងធ្វើឲ្យខូចផ្លូវថ្នល់សាធារណៈមុនអាយុកាល៕