រដ្ឋសភាកម្ពុជាបានទាមទារឲ្យតំណាងរាស្ត្រអូស្ត្រាលីមានដើមកំណើតខ្មែរចេញមុខសុំទោសចំពោះការចោទរបបដឹកនាំកម្ពុជាបច្ចុប្បន្នថាមានលក្ខណៈជាតិតិរច្ឆាន ដោយអះអាងថាការចោទប្រកាន់នេះខុសពីការពិត។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី៤ខែសីហាតំណាងរាស្ត្រអូស្ត្រាលីនៅរដ្ឋ Vitoria លោក ហុង លីម បានសម្តែងការសោកស្តាយចំពោះការបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមដែលហ៊ានរិះគន់រដ្ឋាភិបាលចំៗចំណុច។ ទន្ទឹមនឹងការសម្តែងការសោកស្តាយនេះ លោក ហុង លីម ហៅរបបដឹកនាំកម្ពុជាបច្ចុប្បន្នថាមានលក្ខណៈជាតិតិរច្ឆាន។
ក្នុងលិខិតរបស់អ្នកនាំពាក្យរដ្ឋសភាចុះនៅថ្ងៃទី៨ខែសីហាលើកឡើងថា ទស្សនរបស់លោក ហុង លីម ខុសពីការពិតទាំងស្រុង។ លិខិតបញ្ជាក់ថា កម្ពុជាស្ថិតនៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសន្តិភាពនិងស្ថិរភាពពេញលេញដែលពិភពលោកទទួលស្គាល់។
លិខិតរបស់រដ្ឋសភាកម្ពុជាក៏បានថ្កោលទោសនិងទាមទារឲ្យលោក ហុង លីម សុំទោសចំពោះករណីនេះ។
ក្រោយហេតុការណ៍បាញ់សម្លាប់លោក កែម ឡី កាលពីថ្ងៃទី១០ខែកក្កដា សហគមន៍ជាតិនិងអន្តរជាតិបានថ្កោលទោសចំពោះឃាតកម្មនេះ ហើយទាមទារឲ្យរដ្ឋាភិបាលស្វែងរកឃាតករនិងអ្នកនៅពីក្រោយមកផ្តន្ទាទោសតាមច្បាប់។ ប៉ុន្តែរហូតដល់ថ្ងៃទី៩ខែសីហានេះ សមត្ថកិច្ចពាក់ព័ន្ធនិងតុលាការមិនទាន់លាតត្រដាងករណីឃាតកម្មនេះនៅឡើយទេ៕