អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានថ្លែងនៅថ្ងៃពុធនេះថា តុលាការរាជធានីភ្នំពេញបានចេញដីកាកោះហៅសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង លោកស្រី ថាក់ ឡានី ជាថ្មីនៅសប្ដាហ៍ក្រោយ បន្ទាប់ពីលោកស្រីពុំបានចូលខ្លួនទៅបំភ្លឺតាមការកោះហៅលើកទី១។
លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ត្រូវបានស្ថាប័នអយ្យការកោះហៅឲ្យចូលបំភ្លឺនៅរសៀលថ្ងៃទី៨ ខែសីហា ប៉ុន្តែលោកស្រីពុំបានចូលបំភ្លឺនោះឡើយ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានថ្លែងប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធ Telegram នៅថ្ងៃពុធនេះថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជូនដីកាកោះលើកទី២ទៅលោកស្រី ថាក់ ឡានី នៅថ្ងៃនេះ ហើយមេធាវីតំណាងលោកស្រីបានទទួលដីកានោះរួចហើយ។
សមាជិកព្រឹទ្ធសភាបក្សប្រឆាំងរូបនេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងកាលពីថ្ងៃទី១ ខែសីហា ជុំវិញការចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅពីក្រោយឃាតកម្មលើលោក កែម ឡី។ ប៉ុន្តែ លោកស្រីបានបដិសេធថា លោកស្រីមិនបានចោទប្រកាន់ដូច្នេះនោះឡើយ។
ក្នុងបណ្ដឹងនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាមទារសំណងជំងឺចិត្តនូវទឹកប្រាក់១០០រៀលប៉ុណ្ណោះ៕