លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែសីហា បានសម្រេចប្រគល់ផ្សារទូទាំងប្រទេសដល់អាជីវករលក់ដូរទាំងអស់ ដើម្បីទទួលបាននូវសិទ្ធិកាន់កាប់ សិទ្ធិប្រើប្រាស់ និងសិទ្ធអាស្រ័យផលលើតូប រាន ស្តង់ និងកន្លែងលក់ដូរដទៃទៀត ព្រមទាំងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះជូនតទៅកូនចៅឬអ្នកដទៃទៀត ដោយមិនមានពេលកំណត់និងមិនចាំបាច់ស្នើសុំពន្យាពេលទៀតឡើយ។
សារាចរដែលអនុញ្ញាតឲ្យក្រុមអាជីវករទទួលបានសិទ្ធិគ្រប់គ្រងនេះ បានធ្វើឡើងក្រោយលោក ហ៊ុន សែន បានចាប់ផ្តើមយុទ្ធនាការចុះតាមមូលដ្ឋាន ដើម្បីពង្រឹងអភិបាលកិច្ចដែលមានរយៈពេលជិតមួយខែហើយ។
យោងតាមខ្លឹមសារសារាចរបានសរសេរថា អាជីវករទាំងអស់ក្នុងប្រទេសមានសិទ្ធគ្រប់គ្រង ប៉ុន្តែនៅតែមានកាតព្វកិច្ចបង់ថ្លៃចូលរាជធានី-ខេត្ត តាមរយៈការបង់ភាស៊ីនិងថ្លៃជួលតូប រាន ស្តង់ និងកន្លែងលក់ដូរដទៃទៀត ដែលស្របតាមការកំណត់នៅក្នុងសៀវភៅបន្ទុកនិងបង់ពន្ធដារតាមការកំណត់នៃច្បាប់។
លោក ហ៊ុន សែន ក៏បានហៅថាការចេញសរាចរថា “នេះជាយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង ដើម្បីការពារផលប្រយោជន៍អាជីវករតកូនតចៅយូរអង្វែង ជៀសវាងពួកអាក្រក់ដើរភូតភរបោកប្រាស់”។ នេះបើយោងតាមការបញ្ជាក់របស់លោក ហ៊ុន សែន តាមទំព័រហេ្វសប៊ុក។
ដោយឡែកកាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានយល់ព្រមឲ្យផ្សារកំពង់ឆ្នាំងដែលបានស្នើសុំពន្យាអាណត្តិចាប់ពីឆ្នាំ២០២៥ដល់ឆ្នាំ២០៤០នោះ បានបន្តគ្មានទីបញ្ចប់តកូនតចៅដែរ៕