លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដឹងថា លោកកំពុងទទួលការពិនិត្យសុខភាពនៅប្រទេសសិង្ហបូរីនៅថ្ងៃអង្គារនេះ បន្ទាប់ពីលោកបានធ្វើដំណើរចុះជួបពលរដ្ឋនៅតាមមូលដ្ឋាន។
នៅលើហ្វេសប៊ុក លោក ហ៊ុន សែន បានសរសេរថា៖ “ពេលនេះខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យនៅសាំងកាពួ។ ពុំមានជម្ងឺដែលត្រូវបារម្ភនោះទេ តែនេះជាការកំណត់របស់វេជ្ជបណ្ឌិតដែលតម្រូវឱ្យមានការពិនិត្យសុខភាពឡើងវិញតាមពេលវេលាដែលកំណត់ដោយក្រុមគ្រូពេទ្យកម្ពុជាយើងសហការជាមួយគ្រូពេទ្យសាំងកាពួ“។
មេដឹកនាំកម្ពុជាកំពូលៗមួយចំនួនតែងតែទៅពិនិត្យសុខភាពនិងព្យាបាលជម្ងឺនៅក្រៅប្រទេស ខណៈដែលប្រព័ន្ធសុខាភិបាលនៅកម្ពុជាត្រូវបានគេមើលឃើញថានៅទន់ខ្សោយនៅឡើយ៕