កសិករនៅខេត្ដព្រះវិហារស្នើឲ្យពន្យាពេលបង់ប្រាក់សងបំណុល

ដំណាំកសិកម្មមិនមានទីផ្សារ

ប្រជាកសិករជាង១៦០គ្រួសារ នៅស្រុកគូលែន ខេត្ដព្រះវិហារ ស្នើឲ្យអាជ្ញាធរអន្ដរាគមន៍ទៅធនាគារនិងស្ថាប័នមីក្រូហិរញ្ញវត្ថុ ពន្យាដល់ពួកគេក្នុងការសងប្រាក់កម្ចី ដោយអះអាងថាដំណាំកសិកម្មមិនមានទីផ្សារ។

លិខិតនៅថ្ងៃទី២៩ខែសីហា ដែលមានស្នាមមេដៃពលរដ្ឋ១៦៤គ្រួសារ ពួកគេបានសុំអាជ្ញាធរឲ្យអន្ដរាគមន៍ទៅធនាគារនិងមីក្រូហិរញ្ញវត្ថុឲ្យពន្យាពេលសងប្រាក់ដើមរយៈពេលមួយឆ្នាំចាប់ពីខែកញ្ញាឆ្នាំ២០១៦ដល់ខែសីហាឆ្នាំ២០១៧ ប៉ុន្ដែលិខិតនោះបញ្ជាក់ថាពួកគេធានាសងការប្រាក់ជារៀងរាល់ខែ។

លិខិតបន្ដថា ប្រជាពលរដ្ឋខ្ចីដើមទុនពីធនាគារនិងមីក្រូហិរញ្ញវត្ថុ ដើម្បីបង្កបង្កើនផល ប៉ុន្ដែទិន្នផលមានតម្លៃទាបនិងគ្មានទីផ្សារ។

កសិករពីររូបក្នុងចំណោមកសិករជាង១៦០គ្រួសារ នៅឃុំស្រយ៉ង់ ស្រុកគូលេន ប្រាប់ VOD បន្ថែមថា ពួកគាត់បានខ្ចីប្រាក់ពីធនាគារនិងមីក្រូហិរញ្ញវត្ថុទៅធ្វើស្រែចំការ ប៉ុន្ដែខូចខាតដោយសាររាំងស្ងួតនិងសត្វល្អិតបំផ្លាញ។ចំណែកទិន្នផលប្រមូលបានហើយមានតម្លៃថោកនិងគ្មានទីផ្សារ ពួកគេព្រួយបារម្ភខ្លាចម្ចាស់បំណុលរឹបអូសទ្រព្យសម្បត្ដិ ទើបស្នើសុំអន្ដរាគមន៍ពីអាជ្ញាធរឲ្យជួយ។ ពួកគាត់បន្ដថា៖ “សុទ្ធតែអ្នកដាំដំណាំទាំងអស់។ វាអត់មានទីផ្សារទិញ មិនដឹងលក់ទៅត្រង់ណាបាន គេសុំពន្យាពេលខ្វះលុយឡើងអត់ទាន់តាមគោលការណ៍គេ ព្រោះខែនេះយ៉ាប់រកណាស់ មានខ្លះមួយម៉ឺន មានខ្លះមួយពាន់ មួយម៉ឺនពីរម៉ឺនដែរ ណាស់យកមកដើម្បីធ្វើស្រែចំការនេះឯង សំខាន់ទីផ្សារអត់ថេរសោះ បើសិនល្ពៅបានតែ៥០០រឿល ក៏វាមិនអី បានតែពីរបីរយមិនរួចកម្មករទេ“។

អភិបាលរងស្រុកគូលេន លោក ប៉ែន ជឹង មានប្រសាសន៍ថា លោកបានផ្ញើលិខិតនោះទៅអភិបាលខេត្ដលោក អ៊ុន ចាន់ដា រួចហើយកាលពីម្សិលមិញ។ លោកទទួលស្គាល់ថាដំណាំកសិកម្មរបស់កសិករខូចខាតនិងទិន្នផលគ្មានតម្លៃនិងខ្វះទីផ្សារ។ លោកបញ្ជាក់ថា រូបលោកក៏បានខាតបង់ប្រាក់រាប់ពាន់ដុល្លារពីការស្រែចំការនេះផងដែរ។ លោកបន្ដថា៖ “វាថោកពេកបង ដូចល្ពៅអីវាអត់បានផល បានផលមកក៏វាអត់បានទៀត ដល់ចឹងគាត់សុំពន្យាឲ្យឡើងដើម កុំឲ្យពិបាកលក់ដីធ្លីឡើងដើមទេ ការបង់ធម្មតាគ្រាន់តែដូរកិច្ចសន្យា ខ្ញុំជឿថាបានវាមិនអីទេ“។

VOD មិនអាចទាក់ទងសុំការឆ្លើយតបពីអភិបាលខេត្ដព្រះវិហារ លោក អ៊ុន ចាន់ដា ដែលទើបកាន់តំណែងថ្មី បានទេ ដោយគ្មានអ្នកទទួលទូរសព្ទ។

ពលរដ្ឋបញ្ជាក់ថា ផ្លែល្ពៅមួយគីឡូលក់បានតែ២០០រៀលទៅ៣០០ក្នុងមួយគីឡូក្រាម ខណៈដែលមានតម្លៃសណ្ដែកលក់បាន២០០០រៀលក្នុងមួយគីឡូក្រាម ខុសពីឆ្នាំមុនលក់៤០០០រៀលក្នុងមួយគីឡូក្រាម។

កាលពីខែមីនាឆ្នាំ២០១៦នេះ នាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន បានថ្លៃងថា តម្លៃកសិផលធ្លាក់ចុះជាបញ្ហាប្រឈមរបស់ពិភពលោក មិនមែនសម្រាប់តែកម្ពុជានោះទេ ដោយលោកបានរិះគន់អ្នកនយោបាយមួយចំនួនថា ឃោសនាបោកប្រាស់ប្រជាកសិករថានឹងធ្វើឲ្យតម្លៃកសិផលឡើងថ្លៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ