គណបក្សប្រឆាំង បានប្រកាសពីគម្រោងដង្ហែញ្ញត្តិទៅកាន់បណ្ដាស្ថានទូតនានា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃស្អែកនេះ បើទោះបីជាមិនមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញក៏ដោយ។
ថ្លែងនៅចំពោះមុខអ្នកគាំទ្រ និងអ្នកសារព័ត៌មាននៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានប្រកាសនៅព្រឹកថ្ងៃអាទិត្យនេះថា នៅព្រឹកថ្ងៃស្អែកនេះ ក្រុមសមាជិកសភាគណបក្សប្រឆាំង នឹងយកញ្ញត្តិទៅដាក់តាមស្ថានទូតនានា ក្នុងរាជធានីភ្នំពេញ ដែលលោកថា ដើម្បីប្រាប់ទៅបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបណ្ដាប្រទេសអាស៊ានថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងឃ្លាតចាកពីស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា។
ប៉ុន្តែ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ត្រូវបាន Fresh News ដកស្រង់សម្ដីចុះផ្សាយកាលពីថ្ងៃម្សិលមិញថា អាជ្ញាធរសាលារាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឲ្យគណបក្សប្រឆាំងដង្ហែញ្ញត្តិរបស់ខ្លួននោះឡើយ ដោយថា ទីក្រុងមួយនេះមិនមែនជារបស់បក្សប្រឆាំងនោះទេ៕