សំណើ​គម្រោង​សាង​សង់​នៅ​កម្ពុជា​ហក់​ឡើង​ខ្ពស់​ជាង​៤០០​ភាគរយ៨​ខែ​ឆ្នាំ​នេះ

សំណង់អគារនៅរាជធានីភ្នំពេញ (ដោយ ទូច សុខា)

តួលេខពីរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា គម្រោងសាងសង់ជាង១៧០០គម្រោងត្រូវបានស្នើសុំទៅរដ្ឋាភិបាលកម្ពុជានៅក្នុងរយៈពេល៨ខែក្នុងឆ្នាំ២០១៦នេះ ដោយបានកើនឡើងយ៉ាងខ្លាំងរហូតដល់ជាង៤០០ភាគរយ បើធៀបទៅនឹងឆ្នាំកន្លងមក។

របាយការណ៍វឌ្ឍនភាពការងារសំណង់និងការគ្រប់គ្រងការដ្ឋានសាងសង់ ចេញកាលពីថ្ងៃទី២ ខែកញ្ញា ហើយ VOD ទើបទទួលបាននៅថ្ងៃនេះបានបង្ហាញថា ក្នុងរយៈពេល៨ខែឆ្នាំ២០១៦នេះ គម្រោងសាងសង់១៧៥៣គម្រោងត្រូវបានស្នើឡើង ហើយមានតម្លៃដល់ទៅជាង៧ ២១៨លានដុល្លារអាមេរិក។

របាយការណ៍ដដែលនេះបានឲ្យដឹងបន្ថែមថា តម្លៃសំណើគម្រោងសាងសង់ក្នុងរយៈពេល៨ខែកន្លងមកនេះ បានកើនឡើងទៅជាង៤០០ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥កន្លងមក។

របាយការណ៍ដដែលនេះបានបញ្ជាក់ថា សំណើសុំគម្រោងសាងសង់ក្នុងឆ្នាំ២០១៥កន្លងមកមានចំនួន២៣០៥គម្រោងឬមានតម្លៃជាង៣ ៣៣៨លានដុល្លារអាមេរិក។

លោក ហ៊ុយ ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិយាយក្នុងរបាយការណ៍នោះថា ដោយឡែកក្នុងខែសីហាកន្លងមកនេះ សំណើសុំសាងសង់មាន២៥៣គម្រោង មានតម្លៃប្រហែលជាង១០៩លានដុល្លារអាមេរិក។ ទោះបីសំណើគម្រោងសាងសង់នៅក្នុងខែសីហាកន្លងមកបានកើនឡើង៤២គម្រោងក៏ដោយ ក៏តម្លៃគម្រោងសាងសង់បានធ្លាក់ចុះជាង៧៩ភាគរយ ខណៈដែលតម្លៃគម្រោងសាងសង់សម្រាប់ខែសីហាឆ្នាំ២០១៥មានចំនួនដល់ទៅជាង៥៣១លានដុល្លារ។

វិស័យសំណង់ក្នុងប្រទេសកម្ពុជាបានរីកដុះដាលយ៉ាងឆាប់រហ័សនៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយបានកើនឡើងពីចំនួនជាង១ ២២៦លានដុល្លារនៅឆ្នាំ២០១១ ដល់ទៅ៣ ៣៣៨លានដុល្លារកាលពីឆ្នាំ២០១៥កន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ