សមត្ថកិច្ចរាយការណ៍ថានៅរំលងអធ្រាត្រឈានចូលថ្ងៃពុធនេះ មានករណីផ្ទុះគ្រាប់បែកមួយកន្លែងទៀតនៅក្នុងខេត្តកំពង់ចាម ខណៈសាធារណជនកំពុងមានការផ្តោតអារម្មណ៍លើការផ្ទុះគ្រាប់បែកនៅភ្នំពេញ។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយថានៅម៉ោង១២:១៣នាទីរំលងអធ្រាត្រថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០១៦ មានជនមិនស្គាល់មុខបានគប់គ្រាប់បែកដៃចូលផ្ទះពលរដ្ឋម្នាក់ឈ្មោះ ខៀវ ផាន់ អាយុ៥៥ឆ្នាំ។ លោក ខៀវ ផាន់ ស្ថិតនៅភូមិដូចដី ឃុំជ្រៃវៀត ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ គេហទំព័រដដែលបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកនេះ មិនបង្កឲ្យមានអ្នករងរបួសទេ ហើយពេលនេះសមត្ថកិច្ចកំពុងស៊ើបអង្កេត។
កាលពីល្ងាចថ្ងៃអង្គារម្សិលមិញម៉ោងជិត៨យប់ មានករណីផ្ទុះគ្រាប់បែកមួយកន្លែងនៅលើកំណាត់ផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមនរាជធានីភ្នំពេញ។ ការផ្ទុះគ្រាប់បែកនៅភ្នំពេញនេះបានបណ្តាលឲ្យអ្នកដំណើរ៤នាក់រងរបួស៕