ផ្ទុះ​ការ​ឆ្លង​វីរុស​ហ្ស៊ីកា​ជាង​២០​ករណី​រក​ឃើញ​នៅ​កណ្ដាល​ក្រុង​បាងកក

សារព័ត៌មានថៃ បានចុះផ្សាយថា ការឆ្លងវីរុសហ្ស៊ីកា ២១ករណី ត្រូវបានគេរកឃើញនៅក្នុងខណ្ឌសាថន ដែលជាសង្កាត់ជំនួញដ៏មមាញឹកនៅទីក្រុងបាងកក ហើយមន្ត្រីកំពុងតែតាមដានអំពីការឆ្លងនៅតាមខណ្ឌជាច្រើនទៀត នៅទីក្រុងមួយនេះ។

កាសែតបាងកកប៉ុស្តិ៍ បានដកស្រង់សម្ដីលោកវេជ្ជបណ្ឌិត វឌ្ឍនី វឌ្ឍនា លេខាធិការរងអចិន្ត្រៃយ៍ នៃរដ្ឋបាលទីក្រុងបាងកក ដែលបាននិយាយថា អ្នកឆ្លងវីរុសនេះ មានស្ត្រីឆ្លងទន្លេរួចហើយម្នាក់ ដែលស្វាមីរបស់គាត់ទើបតែវិលត្រឡប់មកពីប្រទេសសិង្ហបុរី។

វេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា ស្ត្រីរូបនោះមានអាការៈក្ដៅខ្លួនខ្លាំង ស្បែកឡើងក្រហម ឈឺសន្លាក់ និងភ្នែកក្រហម។ លោកវេជ្ជបណ្ឌិត វឌ្ឍនី បញ្ជាក់ថា ស្ត្រីរូបនោះបានឆ្លងវីរុសហ្ស៊ីកា នៅក្នុងសប្ដាហ៍ទី ៣៧ ក្នុងអំឡុងពេលមានគភ៌ ប៉ុន្តែ ទាំងម្ដាយ និងទារក សុទ្ធតែមានសុខភាពល្អ ក្រោយឆ្លងទន្លេ។

ក្រសួងសាធារណសុខថៃ បានរាយការណ៍ថា មានអ្នកជំងឺឆ្លងវីរុសហ្ស៊ីកាជាមធ្យម ៥នាក់ ក្នុងមួយឆ្នាំ នៅក្នុងប្រទេសថៃ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥។ វីរុសហ្ស៊ីកា គឺជាក្ដីបារម្ភយ៉ាងខ្លាំង ដោយសារតែវាពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតីនៃកាយសម្បទារបស់ទារក ដោយករណីទារកកើតមានមកមានក្បាលតូច កំពុងរីករាលដាលនៅតំបន់អាមេរិកខាងត្បូង និងអាមេរិកកណ្ដាល។

អាជ្ញាធរសុខាភិបាលថៃ បាននិយាយថា ការឆ្លងវីរុសនេះប្រហែល ២០ករណី ត្រូវបានគេរាយការណ៍ថា កើតមាននៅខេត្តបឹងកាឡ ចន្ទបុរី ឈៀងម៉ៃ និងពេជ្របុណ្យ ប៉ុន្តែ ប្រតិបត្តិការកម្ចាត់ការឆ្លងវីរុសនេះ មានប្រសិទ្ធភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ