គណបក្សប្រជាធិបតេយ្យមូលដ្ឋានជំរុញឲ្យគណបក្សប្រឆាំងនិងគណបក្សកាន់អំណាចបញ្ឈប់ការឈ្លោះគ្នា ហើយងាកជជែកគ្នាស្វែងរកដំណោះបញ្ហាកសិផលកសិករដែលផលិតបាន ហើយមិនមានទីផ្សារលក់។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានចេញផ្សាយនៅថ្ងៃនេះបានលើកឡើងថា កសិករកំពុងជួបការលំបាកក្នុងការលក់កសិផលដែលផលិតបាន តែគណបក្សដែលមានអាសនៈក្នុងសភា ជាប់រវល់ឈ្លោះគ្នាគឺ ម្ខាងអាងកម្លាំងប្រដាប់អាវុធនិងម្ខាងទៀតអាងកម្លាំងមហាជន។
គណបក្សមូលដ្ឋានជំរុញឲ្យតំណាងរាស្ត្រទាំង១២៣រូបពិភាក្សាជាមួយក្រសួងស្ថាប័នជំនាញក្នុងជួយរកទីផ្សារលក់កសិផលកសិករឲ្យបានតម្លៃសមរម្យនិងទាន់ពេលវេលា។
បច្ចុប្បន្នគណបក្សសង្គ្រោះជាតិប្រកាសធ្វើពហិការមិនចូលសភា ហើយប្រកាសធ្វើបាតុកម្មដោយអះអាងថា ដើម្បីស្តារស្ថានភាពនយោបាយ ទន្ទឹមនឹងនេះលោក ហ៊ុន សែន ប្រកាសត្រៀមកម្លាំងបង្ក្រាបលើបាតុកម្មរបស់បក្សប្រឆាំង។ ខណៈបក្សទាំងពីរកំពុងមានជម្លោះគ្នានេះ កសិករស្ទើរទូទាំងប្រទេសកំពុងរងទុក្ខពីកសិផល របស់ពួកគេមិនមានទីផ្សារលក់៕