ប្រជាកសិករប្រហែល៥០០នាក់ នៅស្រុកសង្កែ នៅព្រឹកថ្ងៃអាទិត្យនេះ នាំគ្នាបិទផ្លូវជាតិលេខ៥ ដើម្បីជំរុញទៅអាជ្ញាធរឲ្យស្វែងរកទីផ្សារសម្រាប់លក់ស្រូវ ទៅតាមតម្លៃដែលត្រូវបានកំណត់ដោយរដ្ឋាភិបាលនាពេលថ្មីៗនេះ។
កសិករមកពីឃុំកំពង់ព្រៀង ស្រុកសង្កែ លោក សឿង សុដា បានប្រាប់ថា ក្រុមប្រជាកសិករ បានប្រមូលផ្ដុំគ្នាតវ៉ា តាមរយៈការចាក់ស្រូវប្រហែល ៣០០គីឡូក្រាមដាក់របាំងឈើ និងគោយន្តនៅលើផ្លូវជាតិលេខ៥ ដើម្បីតវ៉ាទៅនឹងការធ្លាក់ចុះតម្លៃស្រូវ បើទោះបីជារដ្ឋាភិបាលបានប្រកាសទទួលទិញស្រូវពីកសិករក្នុងតម្លៃជាក់លាក់ក៏ដោយ។
កាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងមកនេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញប្រាក់ ២៧លានដុល្លារ សម្រាប់ជួយជំរុញស្ថេរភាពតម្លៃស្រូវ និងជំរុញការទិញស្រូវក្នុងស្រុក។
នៅក្នុងថ្ងៃនោះផងដែរ ធនាគារស្រូវកម្ពុជា ដែលមានមូលដ្ឋាននៅខេត្តបាត់ដំបង បានអំពាវនាវទៅដល់ប្រជាកសិករ ឲ្យបញ្ឈប់លក់ស្រូវសែនក្រអូបក្រោមតម្លៃ ៨៤០រៀល ឬ ៧បាត ក្នុងមួយគីឡូក្រាម។ ធនាគារនេះ ក៏បានប្រកាសទទួលទិញស្រូវសែនក្រអូបពីប្រជាកសិករ ក្នុងតម្លៃចាប់ពី ៨៤០រៀលឡើងទៅ។
ប៉ុន្តែ កសិករ សឿង សុដា អះអាងថា ស្រូវសែនក្រអូបប្រជាកសិករ ត្រូវបានក្រុមឈ្មួញទិញក្នុងតម្លៃចន្លោះពី ៥០០ ទៅ ៦០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ដែលលោកថា តម្លៃនេះនឹងធ្វើឲ្យពួកគាត់បាត់បង់ប្រាក់ចំណេញ និងប្រឈមមុខនឹងការជំពាក់ប្រាក់ធនាគារកាន់តែច្រើន។
កសិករូបនេះប្រាប់ថា៖ “ឈ្មួញមកចាក់ហើយដើរចេញចាក់ហើយដើរចេញ អត់ឲ្យតម្លៃទេ ហើយម្នាក់ទៀត គេឲ្យ ៦៧ខ្មែរ(៦៧០រ)មួយសន្ទុះក្រោយទៀត គេអត់យកវិញ។ ឈ្មួញពេលព្រឹកឡើង គេឲ្យ ៦០ជាង កន្លែងខ្លះឲ្យ ៥០០រៀល ទៅ៦០០រៀមួយគីឡូ ហើយពួកខ្ញុំលក់អត់កើត អត់រួចថ្លៃច្រូត អត់រួចថ្លៃជី។ ហើយស្រូវខ្ញុំ ទិញពូជជាង ១ដុល្លាក្នុងមួយគីឡូ”។
កសិករមួយរូបទៀត លោក សុខ ចន្ធី ឲ្យដឹងថា ស្រូវសែនក្រអូបរបស់ប្រជាកសិករនៅស្រុកសង្កែរាប់ពាន់តោន កំពុងប្រឈមការខូចខាត ដោយសារគ្មានទីផ្សារ និងមានតម្លៃថោក ដែលជាហេតុជំរុញឲ្យពួកគាត់សម្រេចស្រូវនៅលើផ្លូវ និងបិទផ្លូវមិនឲ្យធ្វើចរាចរ ដើម្បីជុំរុញឲ្យរដ្ឋាភិបាលកំណត់តម្លៃស្រូវឲ្យបានច្បាស់លាស់ និងឲ្យក្រុមឈ្មួញទិញតាមការប្រកាសរបស់ធនាគារស្រូវ
លោកបន្ដថា៖ “ហើយស្រូវបងប្អូននិយាយទៅ សល់រាប់សិបរយតោននោះបងអើយ។ ហើយអភិបាលខេត្ដ និងធនាគារស្រូវហ្នឹង គេមក គេនិយាយថា គេបានដាក់ចឹងមែន តែគេទិញតាមប្រភេទស្រូវ ទៀតស្រូវលេខ១ ឲ្យ ៨៤០រៀល និងលេខ២ ឲ្យ ៨០០រៀល ហើយទិញកំណត់តាមឡគេចំហុយទេ។ លើសពីហ្នឹង មិនដឹងយកទៅណាដែរ”។
កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ប្រជាកសិករមួយចំនួន ក៍បានព្រមានយកទិន្នផលស្រូវទៅចាក់ចោលលើផ្លូវជាតិលេខ៥ ក្នុងស្រុកមង្គលបុរី នៃខេត្ដបន្ទាយមានជ័យដូចគ្នានេះដែរ ដើម្បីជំរុញឲ្យរដ្ឋាភិបាលជួយដំឡើងតម្លៃទិន្នផលកសិកម្ម ខណៈស្រូវមានតម្លៃជាង ៦ពាន់បាតថៃក្នុងមួយតោន។
ទាក់ទងនឹងករណីនេះ VOD ព្យាយាមទាក់ទងអភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល ដើម្បីសុំការឆ្លើយតប ប៉ុន្ដែ គ្មានអ្នកទទួលទូរស័ព្ទ។
ប៉ុន្ដែ នៅក្នុងវីដេអូឃ្លីបដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃសុក្រកន្លងមក អភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល បានចុះទៅដល់កន្លែងដែលកសិករប្រមូលផល ស្ថិតនៅឃុំខ្នាចរមាស ស្រុកបរវិល ដោយនិយាយថា កុំឲ្យប្រជាកសិករលក់ស្រូវឲ្យឈ្មួញណា ដែលឲ្យតម្លៃក្រោម ៨០០រៀល។ លោក ចាន់ សុផល ថ្លែងថា លោកនឹងចាត់វិធានការទៅលើឈ្មួញណាដែលទិញស្រូវពីកសិកក្នុងតម្លៃទាបជាង ៨០០រៀល។
កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងមកថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំទៅប្រធានមន្ទីរកសិកម្មខេត្តទាំងអស់ ឲ្យចាត់វិធានការទប់ស្កាត់ការទម្លាក់តម្លៃផលិតផលកសិកម្មពីសំណាក់ក្រុមឈ្មួញ និងក្រុមហ៊ុន។
ប៉ុន្តែ អគ្គលេខាធិការសម្ព័ន្ធនៃសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ប្រសិនបើក្រសួងចង់បង្កើននូវផលិតផលស្រូវ និងទប់ស្កាត់ការទម្លាក់តម្លៃស្រូវរបស់ឈ្មួញនោះ គួរតែចុះធ្វើការនេះផ្ទាល់ ឬចាត់ឲ្យមន្ត្រីទាំងអស់ឲ្យចុះត្រួតពិនិត្យនៅពេលដល់រដូវប្រមូលផលរបស់កសិករ។ លោកបន្តថា បើក្រសួងគ្រាន់តែចេញលិខិតជូនដំណឹង ដើម្បីឲ្យចាត់វិធានការនោះ គឺមិនមានប្រសិទ្ធភាពទេ កាលណាបើគ្មានយន្តកាលច្បាស់លាស់នោះ ព្រោះឈ្មួញបច្ចុប្បន្នមិនសូវជាស្ដាប់ទេ៕