រដ្ឋាភិបាលគ្រោងចំណាយថវិកា៣០០លានដុល្លារធ្វើកន្លែងរក្សាទុកស្រូវ

រោងម៉ាស៊ីនផ្ទុកស្រូវ (ដោយ បូ សាវី)

រដ្ឋាភិបាលគ្រោងចំណាយថវិកាចំនួន៣០០លានដុល្លារធ្វើកន្លែងរក្សាទុកស្រូវនិងឡសម្ងួតស្រូវ ដោយថាដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវរបស់កសិករ។

ក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃទី១៩កញ្ញា២០១៦នេះ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាច មានប្រសាសន៍ថា រដ្ឋាភិបាលនឹងសហការជាមួយក្រុមហ៊ុនឯកជនមួយចំនួនដើម្បីបង្កើតឃ្លាំងរក្សាទុកស្រូវបាន១.២លានតោនក្នុងមួយថ្ងៃ និងមានឡសម្ងួតស្រូវ ហើយគម្រោងនេះនឹងត្រូវចំណាយថវិកា៣០០លាន ដុល្លារ គ្រោងបញ្ចប់គម្រោងនៅឆ្នាំ២០១៧។ លោកថាការខ្វះឃ្លាំងរក្សាទុកនិងឡសម្ងួតស្រូវនេះ ជាបញ្ហាមួយបណ្តាលឲ្យតម្លៃស្រូវរបស់កសិករធ្លាក់ចុះ ដោយថាបច្ចុប្បន្នឃ្លាំងឃ្លាំងរក្សាទុកនិងឡសម្ងួតរបស់រោងម៉ាស៊ីនស្រូវអាចផ្ទុកបានតិច តែចន្លោះពី៤០០តោនទៅ៩០០តោនប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលលោកថាបង្កឲ្យរោងម៉ាស៊ីន មិនអាចទទួលទិញស្រូវពីកសិករក្នុងចំនួនច្រើនបាន ខណៈការផ្គត់ផ្គង់ស្រូវកើនឡើង។

លោក កៅ ថាច បន្ថែមថាបើទោះជារដ្ឋាភិបាលផ្តល់ជាកម្ចីដល់រោងម៉ាស៊ីនស្រូវដែលខ្វះទុនយកទៅទិញស្រូវពីកសិករដើម្បីទប់ទល់នឹងការធ្លាក់ចុះតម្លៃក៏ដោយ ក៏មិនអាចទប់ការធ្លាក់ថ្លៃបានដែរ បើគ្មានកន្លែងសម្រាប់ស្តុកនោះ។

លោកបន្ថែមថា៖ “បញ្ហាឡសម្ងួតជាបញ្ហាធំបំផុតធ្វើឲ្យកសិករយំ មិនមែនរឿងទុន ទុនយើង[រដ្ឋាភិបាល]មានគ្រប់គ្រាន់សម្រាប់ស្រូវ ព្រោះរោងម៉ាស៊ីនខ្លះទំហំឃ្លាំងតូច បើឃ្លាំងគាត់ដាក់បាន៥០០តោនក្នុងមួយថ្ងៃ អញ្ចឹងរោងម៉ាស៊ីនមួយសមត្ថភាពគាត់ទិញបានប៉ុណ្ណា គាត់ទិញចូលប៉ុណ្ណឹង បើហ៊ានតែទិញលើសខូច”។

បើតាម លោក កៅ ថាច ថវិកា ៣០០លានដុល្លារនេះ រដ្ឋាភិបាលកម្ពុជានឹងខ្ចីពីប្រទេសចិនមួយផ្នែក និងមួយផ្នែកទៀតសហការជាមួយវិស័យឯកជន។

អគ្គលេខាធិការសម្ព័ន្ធនៃសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថាជាការល្អដែលរដ្ឋាភិបាលបង្កើតឲ្យមានកន្លែងរក្សាទុកស្រូវដ៏ធំសម្រាប់ជួយដោះស្រាយការធ្លាក់ថ្លៃស្រូវរបស់កសិករនេះ។ ប៉ុន្តែលោកថា រដ្ឋាភិបាលគួរតែមានវិធានការនេះតាំងពី៥ឆ្នាំមុនមក ជាជាងកើតបញ្ហាហើយទើបមានវិធានការដូចពេលនេះ។

លោក ថេង សាវឿន បន្ថែមថាក្រៅពីបង្កើតឃ្លាំងរក្សាទុកនិងឡសម្ងួត រដ្ឋាភិបាលគួរបង្កើនថវិកាជាតិបន្ថែមទៀតទៅវិស័យកសិកម្មនិងជួយស្វែងរកទីផ្សារឲ្យបានច្រើនជាងបច្ចុប្បន្ន ដើម្បីលក់ស្រូវរបស់កសិករកាន់តែបានច្រើន។

លោកបន្ថែមថា៖ “ជំរើសមួយទៀតគឺរដ្ឋាភិបាលត្រូវតែស្វែងរកទីផ្សារឲ្យបានទូលំទូលាយជាងបន្ចុប្បន្ន ដើម្បីនាំស្រូវអង្កររបស់កសិករចេញពីប្រទេសកម្ពុជា ហើយសំខាន់ចុងក្រោយគឺសូមឲ្យរដ្ឋាភិបាលទប់ស្កាត់ទំនិញ ពិសេសគឺវិស័យកសិកម្មដូចជាបន្លែ ស្រូវ អង្ករពីប្រទេសជិតខាងមកលក់នៅកម្ពុជា នោះវិស័យកសិកម្មនៅកម្ពុជានឹងល្អប្រើសើរ”។

កាលពីថ្ងៃអាទិត្យទី១៨កញ្ញាឆ្នាំ២០១៦ ប្រជាកសិករប្រហែល៥០០នាក់នៅស្រុកសង្កែបាននាំគ្នាបិទផ្លូវជាតិលេខ៥ ដើម្បីជំរុញទៅអាជ្ញាធរឲ្យស្វែងរកទីផ្សារសម្រាប់លក់ស្រូវទៅតាមតម្លៃដែលត្រូវបានកំណត់ដោយរដ្ឋាភិបាលនាពេលថ្មីៗនេះ។ ក្រោយការតវ៉ានេះមួយថ្ងៃ រដ្ឋាភិបាលបានប្រកាសផ្តល់ឥណទាននូវទឹកប្រាក់២៧ លានដុល្លារជាមូលនីធិពិសេស ដើម្បីផ្តល់ជាកម្ចីដល់រោងម៉ាស៊ីនកិនស្រូវដែលខ្វះទុនយកទៅទិញស្រូវពីកសិករដើម្បីទប់ទល់នឹងការធ្លាក់ចុះតម្លៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ