ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានឲ្យក្រសួងអប់រំរៀបចំឲ្យមានការប្រឡងយកក្របខណ្ឌជាគ្រូបង្រៀន សម្រាប់សិស្សជាប់បាក់ឌុបនិន្ទេស A .B. C ដោយមិនត្រូវឲ្យជាប់ជាស្វ័យប្រវត្តិដូចមុនទៀតឡើយ។
ក្នុងពិធីចែកសញ្ញាបត្រកាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តីថ្លែងថាការដែលតម្រូវឲ្យសិស្សទាំងនោះត្រូវប្រឡងចូលក្របខណ្ឌដូចសិស្សជាប់និន្ទេស D និង E នោះ គឺក្នុងបំណងធ្វើឲ្យមានតម្លាភាពនិងចម្រាញរកអ្នកដែលពូកែពិតប្រាកដ។
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬប្រឡងបាក់ឌុបឆ្នាំ២០១៦នេះបង្ហាញថា អ្នកជាប់និទ្ទេស A មានចំនួន៤០៥នាក់ និទ្ទេស B ចំនួន២៨០១នាក់ និទ្ទេស C ចំនួន៥៥៩៥នាក់ ក្នុងចំណោមបេក្ខជនប្រឡងជាប់ ចំនួនសរុប៨៩៦៦១នាក់ ស្មើនឹង៦២,១៨ ភាគរយ៕