លោក​ សុន ឆ័យ៖ រដ្ឋាភិបាលធ្វើឲ្យបាត់លុយគម្រោង​​៦០លានដុល្លារសម្រាប់ទិញស្រូវ

ប្រជាពលរដ្ឋដែលអង្គុយចាំលក់ស្រូវទៅឲ្យឈ្មួញ (រូបថត៖ បូ សាវី)

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលើកឡើងថា រដ្ឋាភិបាលអនុវត្តគម្រោងទិញស្រូវមិនបានត្រឹមត្រូវ ប្រកាន់បក្ខពួកនិយមបណ្តាលឲ្យបាត់ថវិកាជាតិអស់ប្រមាណ៦០លានដុល្លារអាមេរិក។

ថ្លែងទៅកាន់អ្នកគាំទ្រនិងអ្នកសារព័ត៌មាននៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិនៅព្រឹកនេះ ប្រធានក្រុមតំណាងរាស្ត្របក្សប្រឆាំងនិងជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាលោក សុន ឆ័យ រំឭកថាកាលពី៣ទៅ៤ឆ្នាំមុន សភាបានអនុម័តលុយប្រមាណ៦០លានដុល្លារសម្រាប់ជួយដល់គម្រោងទិញស្រូវពីកសិករ។ ប៉ុន្តែលោកថា គម្រោងនោះមិនបានផ្តល់ប្រយោជន៍ដល់កសិករទេ ដោយសារការ ចាត់ចែងមិនមានតម្លភាព បក្ខពួកនិយមធ្វើឲ្យបាត់លុយនោះ។

លោក សុន ឆ័យ បញ្ជាក់ទៀតថាការបាត់លុយនោះក៏ពាក់ព័ន្ធនឹងអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក គាត ឈន់ ផងដែរ។ លោកជំរុញឲ្យអ្នកពាក់ព័ន្ធប្រគល់លុយនោះចូលជាតិវិញ៖ «មានគេឲ្យព័ត៌មានមកថាពាក់ព័ន្ធឯកឧត្តម គាត ឈន់ ទៀត សម័យហ្នឹងឲ្យកូនចៅនៅឯណាឯណីនោះចាយលុយចោលអស់។ ត្រូវប្រមូលលុយមកវិញ លុយនោះនៅណា? ហុកសិបផ្លាយលានដុល្លារ ដែលឲ្យទៅជួយទិញស្រូវអ្នកស្រុក ជួយតាមរយៈយកកិនស្រូវយកទៅលក់នៅក្រៅប្រទេសហ្នឹងអត់ធ្វើ លុយបាត់អស់»។

វីអូឌីព្យាយាមទាក់ទងសុំការឆ្លើយតបពីលោក គាត ឈន់ ប៉ុន្តែទូរស័ព្ទមិនមានអ្នកទទួល។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មិនឆ្លើយតបនឹងចោទប្រកាន់របស់លោក សុន ឆ័យ ទេគឺលោកគ្រាន់តែបញ្ជាក់ថាបក្សប្រឆាំងគួរយកបញ្ហានេះជជែកគ្នានៅក្នុងសភា៖ «គណបក្សសង្គ្រោះជាតិដែលមានអាសនៈ៥៥នៅក្នុងរដ្ឋសភា គួរតែឡើងតស៊ូមតិក្នុងប្រជុំពេញអង្គរដ្ឋសភា ប្រសើរជាងនិយាយប៉ប៉ាច់ប៉ប៉ោចតាមប្រព័ន្ធផ្សព្វផ្សាយ»។

កាលពីថ្ងៃទី១៥ខែកញ្ញា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រដ្ឋាភិបាលសម្រេចបញ្ចេញប្រាក់ចំនួន២៧លានដុល្លារសម្រាប់រក្សាស្ថិរភាពតម្លៃស្រូវ តាមរយៈរោងម៉ាស៊ីនកិនស្រូវនិងអ្នកប្រមូលទិញស្រូវ។ បន្ទាប់មកនៅថ្ងៃទី១៦ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសខ្ចីលុយពីចិន៣០០លានដុល្លារបន្ថែមទៀត ដើម្បីយកមកដោះស្រាយបញ្ហាតម្លៃស្រូវនេះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ