ធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃនេះអះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងនៅតែរឹងមាំដូចការរំពឹងទុកនៅក្នុងឆ្នាំ២០១៦នេះនិងឆ្នាំ២០១៧ខាងមុខ ជាមួយអត្រាកំណើនក្នុងរង្វង់៧ភាគរយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថាការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦នេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ទៅតាមការរំពឹងទុក។
ធនាគារនេះបានបន្តថា ខ្លួនរក្សាការព្យាកររបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចថាមានអត្រា៧ភាគរយក្នុងឆ្នាំនេះ និង៧.១ភាគរយនៅឆ្នាំ២០១៧ខាងមុខ។
លោក Samiuela Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាបានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា៖ “បន្ទាប់ពីទទួលបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបក្នុងខែកក្កដាកន្លងមក ការព្យាករសម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានៅតែបន្តមានភាពរឹងមាំ ដោយសារការនាំចេញឧស្សាហកម្មសម្លៀកបំពាក់និងស្បែកជើងមានកំណើន៩.៤ភាគរយនៅឆមាសទី១ក្នុងឆ្នាំនេះ”។
លោកបន្តថា បើទោះបីជាកំណើនកម្ចីឥណទានវិស័យឯកជនថយចុះមកនៅត្រឹមជាង២៨ភាគរយ បើធៀបនឹងឆមាសទី១ឆ្នាំមុនក៏ដោយ ប៉ុន្តែវានៅតែបង្ហាញឲ្យឃើញពីតម្រូវការក្នុងស្រុកក្នុងកម្រិតខ្ពស់។
លោកបន្ថែមថាកំណើនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំនោះក៏ដោយសារតែលក្ខណៈល្អប្រសើរនៃអាកាសធាតុ បន្ទាប់ពីប្រទេសនេះបានប្រឈមនឹងគ្រោះរាំងស្ងួតអូសបន្លាយពេលយូរកាលពីឆ្នាំមុនក៏ដោយ។
កាលពីចុងខែសីហាកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាក៏បានព្យាករផងដែរថាកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៦នេះនឹងនៅតែរក្សាបានកំណើន៧ភាគរយដែលជំរុញដោយកំណើនផ្នែកនាំចេញផលិតផលកាត់ដេរ៕