គណៈកម្មការថាព្រះចៅអធិការវត្តមួយព្រមផ្ដល់កន្លែងធ្វើបុណ្យ១០០ថ្ងៃជូនលោកបណ្ឌិត កែម ឡី

សមាជិកគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី នៅថ្ងៃអង្គារនេះឲ្យដឹងថា ព្រះចៅអធិការវត្តថាន់ ស្ថិតនៅសង្កាត់ទន្លេរបាកសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានផ្ដល់ទីកន្លែងសម្រាប់ធ្វើបុណ្យខួប១០០ថ្ងៃ ជូនសពលោកបណ្ឌិត កែម ឡី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ដល់១៦ ខែតុលាខាងមុខនេះ។

សមាជិកគណៈកម្មការបុណ្យខួបម្នាក់ លោក សៅ កុសល ប្រាប់ VOD ថាព្រះចៅអធិការវត្តថាន់ បានឯកភាពផ្ដល់ទីកន្លែងសម្រាប់ឲ្យធ្វើបុណ្យខួប១០០ថ្ងៃជូនសពលោកបណ្ឌិត កែម ឡី នៅវត្តនោះ។

លោកមានប្រសាសន៍ថា៖ “ព្រះអង្គមានសង្ឈដីកាថា សម្រាប់លោករីករាយនឹងទទួលឲ្យធ្វើបុណ្យនៅទីនេះ ហើយគ្រាន់តែសុំឲ្យគណៈកម្មការបន្តការងារហ្នឹង ដោយសុំអាជ្ញាធរ ដោយសុំឬជូនដំណឹងទៅអាជ្ញាធរទៅ បើខាងអាជ្ញាធរឯកភាពដែលយើងអាចធ្វើនៅទីហ្នឹងបានហើយ

កាលពីម្សិលមិញ គណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី បានសម្ដែងការខកចិត្តចំពោះព្រះចៅអធិការវត្តមួយចំនួន ដោយថាមិនហ៊ានផ្ដល់ទីកន្លែងធ្វើបុណ្យខួប១០០ថ្ងៃជូនសពបណ្ឌិត កែម ឡី ខណៈព្រះសង្ឃមួយចំនួនបារម្ភខ្លាចអាជ្ញាធរគាបសង្កត់។

ទោះជាយ៉ាងណា លោក សៅ កុសល ឲ្យដឹងថាគណៈកម្មការនឹងប្រជុំពិភាក្សាគ្នា ដើម្បីរៀបចំដាក់លិខិតជូនដំណឹងទៅអាជ្ញាធរឲ្យបានដឹង បន្ទាប់ពីមានព្រះចៅអធិការវត្តថាន់បានផ្ដល់ទីកន្លែងសម្រាប់ធ្វើបុណ្យខួប១០០ ថ្ងៃជូនលោកបណ្ឌិត កែម ឡី។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេ ដោយទូរសព្ទចូលហើយចុចបិទ។ ក៏ប៉ុន្តែកាលពីម្សិលមិញ លោកបានច្រានចោលការលើកឡើងថា អាជ្ញាធរដាក់សម្ពាធទៅលើព្រះសង្ឃមិនឲ្យផ្ដល់ទីតាំងធ្វើបុណ្យខួប១០០ថ្ងៃលោក កែម ឡី។

លោក កែម ឡី អាយុ៤៦ឆ្នាំ ជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនៅកម្ពុជា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងម៉ាតមួយកន្លែង ម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

ក្រោយបាញ់សម្លាប់ សពលោកបណ្ឌិតត្រូវបានតម្កល់ទុកពីរសប្តាហ៍នៅវត្តចាស់ក្នុងរាជធានីភ្នំពេញ មុននឹងដង្ហែទៅបញ្ចុះនៅស្រុកកំណើតរបស់លោកក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដែលមនុស្សចូលរួមខ្ទង់២លាននាក់។

សេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២៣ ខែកញ្ញា គណៈកម្មការបុណ្យឲ្យដឹងថា ពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃសពអ្នកវិភាគបញ្ហាសង្គមលោកបណ្ឌិត កែម ឡី គ្រោងរៀបចំធ្វើឡើងរយៈពេល២ថ្ងៃនៅរាជធានីភ្នំពេញ មុននឹងដង្ហែទៅស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី១៦ ខែតុលាខាងមុខ៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered