ទីភ្នាក់ងារព័ត៌មានអន្តរជាតិបានផ្សាយថា កម្លាំងសន្តិសុខប្រទេសនេះ បានសម្លាប់សមាជិក ១១នាក់របស់ក្រុមបះបោរមួយ កាលពីថ្ងៃម្សិលមិញ ដោយភាគច្រើនស្លាប់នៅក្នុងការប្រយុទ្ធគ្នាអស់រយៈពេល ៣ម៉ោង នៅជាយទីក្រុងដាកា។
ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្ដីអាជ្ញាធរបង់ក្លាដែសដែលនិយាយថា អ្នកស្លាប់ទាំងនោះ ត្រូវបានគេជឿថាជាសមាជិកក្រុមបះបោរ Jamaat-ul-Mujahideen ដែលជាក្រុមវាយប្រហារទៅលើហាងកាហ្វេមួយ នៅទីក្រុងដាកា កាលពីខែកក្កដាកន្លងមក ដែលបានសម្លាប់មនុស្ស ២២នាក់ ដោយភាគច្រើនជាជនបរទេស។
រដ្ឋមន្ត្រីសន្តិសុខជាតិបង់ក្លាដែស បានប្រាប់អ្នកសារព័ត៌មានថា ពួកបះបោរទាំងនោះ ត្រូវបានគេសម្លាប់នៅក្នុងការវាយប្រហារទៅលើកន្លែងលាក់ខ្លួន ៣កន្លែងដាច់ដោយឡែកពីគ្នា ស្ថិតនៅជាយទីក្រុងដាកា៕