ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា ថ្លែងថា រដ្ឋាភិបាលបង់ក្លាដែសបានស្នើកម្ពុជាដែលជាប្រធានអាស៊ានបច្ចុប្បន្ន ឱ្យជួយរកដំណោះស្រាយបញ្ហាមាតុភូមិនិវត្តន៍ជនភៀសខ្លួនពីរដ្ឋរ៉ាក់ខាញ ប្រទេសមីយ៉ាន់ម៉ា ដែលបានទៅជ្រកកោនក្នុងប្រទេសរបស់ខ្លួន។
ការអះអាងនេះធ្វើឡើងក្រោយជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ជាមួយរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស លោក អេ ខេ អាប់ឌុល ម៉ូមិន កាលពីសប្ដាហ៍មុន។
ក្រសួងការបរទេសកម្ពុជាឱ្យដឹងថា លោក អាប់ឌុល ម៉ូមិន បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៤ ដល់ទី១៦ ខែកក្កដា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស ហើយទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ផងដែរ។
កម្ពុជាបញ្ជាក់ថា នៅក្នុងក្របខណ្ឌអាស៊ាន រដ្ឋមន្ត្រីការបរទេសបង់ក្លាដែសបានស្វែងរកការគាំទ្រពីកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ចំពោះសំណើរបស់បង់ក្លាដែស ដើម្បីក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។
បើតាមកម្ពុជា រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក អាប់ឌុល ម៉ូមិន បានប្រាប់លោក ប្រាក់ សុខុន អំពីស្ថានភាពជនភៀសខ្លួនពីរដ្ឋរ៉ាក់ខាញ ប្រទេសមីយ៉ាន់ម៉ា ដែលបានទៅជ្រកកោនក្នុងប្រទេសបង់ក្លាដែស។
ក្នុងនោះ បង់ក្លាដែសបានស្នើកម្ពុជាដែលជាប្រធានអាស៊ានបច្ចុប្បន្ន ជួយរកដំណោះស្រាយដល់ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនទាំងនោះឱ្យបានឆាប់រហ័ស និងមានសុវត្ថិភាព។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា៖ «[រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក អាប់ឌុល ម៉ូមិន] បានស្នើឱ្យកម្ពុជាដែលជាប្រធានអាស៊ានបច្ចុប្បន្ន ជួយរកដំណោះស្រាយមួយប្រកបដោយនិរន្តរភាពដល់ការធ្វើមាតុភូមិនិវត្តន៍ឱ្យបានឆាប់រហ័ស មានសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ ដោយលើកឡើងថា បង់ក្លាដែសប្រាថ្នាចង់ឃើញដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍ជាលើកដំបូងកើតឡើងក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន»។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានប្រាប់មន្ត្រីជាន់ខ្ពស់ប្រទេសបង់ក្លាដែស ពីការយកចិត្តទុកដាក់របស់អាស៊ាន និងប្រធានអាស៊ានចំពោះបញ្ហានេះ ដោយថា ដំណោះស្រាយចំពោះរឿងនេះអាស្រ័យជាចម្បងលើដំណោះស្រាយវិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា។
កម្ពុជាលើកឡើងថា ការវិវត្តស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ាមានភាពស្មុគស្មាញ និងបញ្ហាប្រឈមសម្រាប់ប្រធានអាស៊ានឆ្នាំ២០២២នេះ ក្នុងការជំរុញការព្រមព្រៀងឯកច្ឆន្ទ៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន។ លោក ប្រាក់ សុខុន ថាយ៉ាងណាជុំវិញវិបត្តិមីយ៉ាន់ម៉ា កម្ពុជាបានភ្ជាប់នឹងទិដ្ឋភាពមនុស្សធម៌ និងយ៉ាងហោចណាស់បានធ្វើឱ្យដំណើរការនយោបាយរំកិលទៅមុខ៕