ភ្លៀងមូសុង​ឆក់​យក​ជីវិត​មនុស្ស​រាប់សិប​នាក់​នៅ​បង់ក្លាដែស

មន្ត្រីមូលដ្ឋានជិះទូកចុះពិនិត្យនៅតំបន់រងការជន់លិច អំឡុងពេលមានភ្លៀងមូសុងធ្លាក់នៅទីក្រុង Sylhet ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ (REUTERS)

ក្រុមមន្ត្រីឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស២៥​នាក់​បាន​ស្លាប់ដោយ​សារ​ករណី​រន្ទះ​បាញ់ និងការរអិលបាក់ដី​ កាលពីចុងសប្តាហ៍កន្លងទៅ នៅក្នុងប្រទេសបង់ក្លាដែស ខណៈមនុស្សរាប់លាននាក់ផ្សេងទៀតត្រូវបានជាប់គាំងនៅមួយកន្លែង និងបាត់បង់ផ្ទះសម្បែង នៅតំបន់ភាគឦសានដែលរងគ្រោះដោយ​ទឹកជំនន់​បង្កឡើយដោយខ្យល់មូសុង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ទាក់ទិននឹងករណីនេះ ប្រធាន​មជ្ឈមណ្ឌល​ព្យាករណ៍​​ទឹក​ជំនន់​​នៃ​ប្រទេស​បង់ក្លាដែស​ លោក Arifuzzaman Bhuiyan បានថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញ​​ថា ទឹកទន្លេជាច្រើន​នៅក្នុងប្រទេសបានហក់ឡើងដល់កម្រិតប្រកាសអាសន្ន។

លោកបន្តថា ទឹកដែលហូរពីភ្នំនានាក្នុងប្រទេសឥណ្ឌាដោយសារភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យស្ថានភាពនេះ​កាន់តែធ្ងន់ធ្ងរឡើង ខណៈប៉ូលិសនិង​ទាហាន​រាប់​ពាន់​នាក់ត្រូវ​បាន​​ដាក់​ពង្រាយ​ជាបន្តបន្ទាប់​ ដើម្បី​​ជួយ​ដល់កិ​ច្ច​ការងារស្វែងរកនិង​ជួយ​សង្គ្រោះ។

លោក Arifuzzaman Bhuiyan បន្ថែមថា គិតរហូតមកដល់ពេលនេះ មានមនុស្សប្រមាណជាង១០ម៉ឺននាក់​ត្រូវ​បាន​ជម្លៀស​ចេញ ប៉ុន្តែក្នុងនោះ ក៏នៅមានមនុស្សជាង៤លាននាក់កំពុងតែជាប់គាំងក្នុងទីតាំង​នានាផង​ដែរ។

ទាក់ទិននឹងករណីនេះ អ្នកនយោបាយបក្សកាន់អំណាចមួយរូបប្រចាំតំបន់ Sunamganj លោក Syed Rafiqul Haque បានព្រមានថា ប្រទេសអាចនឹងប្រឈមមុខនឹងវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ប្រសិនបើប្រតិបត្តិការជួយសង្គ្រោះមិនត្រូវបានធ្វើឡើងឱ្យត្រឹមត្រូវនោះទេ។

លោកថា៖ «ទីតាំងស្ទើរតែទាំងស្រុងក្នុងតំបន់កំពុងតែស្ថិតនៅក្រោមទឹក ហើយក្នុងនោះមានមនុស្សរាប់លាននាក់ត្រូវបានជាប់គាំងនៅមួយកន្លែង»។

លោកបន្ថែមថា ជនរងគ្រោះនានា បច្ចុប្បន្នមិនមានអាហារនិងទឹកស្អាត​សម្រាប់ទទួលទាននោះទេ ខណៈការ​ទាក់​ទង​គ្នាមា​ន​ភាព​ពិបាក។

គួរបញ្ជាក់​ថា ប្រទេសបង់ក្លាដែស ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានជួបប្រទះនឹងបញ្ហាប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ ដែលករណីនេះបានបង្កឱ្យមានជាការខូចខាតទ្រង់ទ្រាយធំនៅក្នុងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ