តំណាង​បក្ស​ប្រឆាំង​នៅ​អាមេរិក​គាំ​​ទ្រ​ការ​បញ្ចេញ​មតិ​រិះគន់​មេ​ដឹកនាំ​បក្ស

ទីស្នាក់ការគណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ។

តំណាងគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក បានបង្ហាញជំហគាំទ្រការថ្លែងរិះគន់របស់កញ្ញា កឹម មនោវិទ្យា ទៅលើមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី។

កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៤ ខែតុលា បានបង្ហោះសារនៅលើ Twitter របស់នាងថា មួយឆ្នាំក្រោយមក លោក សម រង្ស៊ី អាចប្រកាសពីការនិរទេសខ្លួនជាផ្លូវការ និងមានហេតុផលស្របច្បាប់ដើម្បីបន្តនៅឯបរទេស។

ការថ្លែងរិះគន់របស់កញ្ញា កឹម មនោវិទ្យា ទៅលើលោក សម រង្ស ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាចេញបញ្ជាទប់ស្កាត់ដំណើរវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់មេដឹកនាំបក្សប្រឆាំងរូបនេះ។

បន្ទាប់ពីការថ្លែងរិះគន់បែបនេះរួចមក លិខិតចំហរមួយច្បាប់របស់ក្រុមយុវជនបក្សប្រឆាំង បានស្នើឲ្យដាក់ពិន័យទៅលើកញ្ញា កឹម មនោវិទ្យា។

ប៉ុន្តែ តំណាងចលនាយុវជនបក្សប្រឆាំង លោក ហ៊ីង សុខសាន្ត អះអាងថា នោះជាលិខិតក្លែងក្លាយ ដែលលោកថា មានបំណងបំបែកបំបាក់សម្ព័ន្ធរវាងលោក កឹម សុខា និងលោក សម រង្ស៊ី។

ទោះជាយ៉ាងណា ប្រធានគណបក្សសង្គ្រោះជាតិសហរដ្ឋអាមេរិក លោក គា រី បានថ្លែងក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២៧ ខែតុលាកន្លងមកនេះថា លោកបន្តលើកកម្ពស់ការបញ្ចេញមតិក្នុងន័យស្ថាបនារបស់សមាជិកគណបក្សប្រឆាំងមួយនេះ។

តំណាងបក្សប្រឆាំងរូបនេះ បានចាត់ទុកការបញ្ចេញមតិយោបល់ ឬការរិះគន់ទៅលើអ្នកនយោបាយណាម្នាក់ មិនមែនជាទង្វើក្បត់ជាតិ ក្បត់គណបក្ស ឬធ្វើឲ្យបែកបាក់សាមគ្គីផ្ទៃក្នុងបក្ស ឬសាមគ្គីជាតិនោះឡើយ។

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ បានលើកឡើងជុំវិញលិខិតរបស់ក្រុមអ្នកគាំទ្រគណបក្សរបស់ខ្លួននៅអាមេរិកថា៖ “អ្នកណាក៏មានការបញ្ចេញមតិច្រើនចឹងដែរ ប៉ុន្តែ គាត់ជាក្រុមទ្រទ្រង់។ វាជាទស្សនៈរបស់ក្រុមទ្រទ្រង់គាត់អានឹងជារឿងរបស់គាត់ទេ អត់មានអីពាក់ព័ន្ធជាមួយគណបក្សទេ”។

លោក យឹម សុវណ្ណ បន្តថា៖ “យើងអត់ចាប់អារម្មនឹងអ្វីដែលគាត់លើកឡើងផង ព្រោះនៅក្នុងគណបក្សសង្រ្គោះជាតិ នឹង គឺថា បុគ្គល់ម្នាក់ៗ មានសិទ្ធិក្នុងការបញ្ចេញមិតិ។ យើងអត់មានទៅចាប់អារម្មអីនឹងទេ អ្វីដែលជាផ្លូវការ ជាគោលជំហររបស់គណបក្ស គឺអ្នកនាំពាក្យរបស់គណបក្ស”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ