ក្រុមប៉ូលិសឥណ្ឌូនេស៊ី បានបំបែកមហាបាតុកម្មរបស់ក្រុមមូស្លីមប្រកាន់តឹងរាប់សិបម៉ឺននាក់ កាលពីថ្ងៃម្សិលមិញ ដោយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងទឹក ទៅលើក្រុមបាតុករ ដែលទាមទារឲ្យអភិបាលក្រុងហ្សាកាតា លាលែងពីតំណែង ជុំវិញរឿងចម្រូងចម្រាស់ដែលក្រុមបាតុករចោទអភិបាលក្រុងរូបនេះថា បានប្រមាថដល់គម្ពីកូរ៉ាន។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានដកស្រង់សម្ដីអ្នកនាំពាក្យប៉ូលិស ដែលបាននិយាយថា មនុស្សម្នាក់បានស្លាប់ ហើយ ១២នាក់បានរងរបួស។
ឥណ្ឌូនេស៊ី គឺជាប្រទេសមានជនមូស្លីមច្រើនបំផុតនៅលើពិភពលោក ប៉ុន្តែ ជនមូស្លីមភាគច្រើនប្រកាន់ផ្លូវកណ្ដាល ហើយបាតុកម្មទ្រង់ទ្រាយធំបែបនេះ គឺជារឿងកម្រកើតមាន។
ក្រុមអ្នករិះគន់និយាយថា បាតុកម្មនេះរៀបចំឡើងដោយក្រុមជ្រុលនិយម ឲ្យមានភាពតានតឹងនយោបាយ នៅមុនការបោះឆ្នោតជ្រើសរើសអភិបាលក្រុងហ្សាកាតានៅខែកុម្ភៈឆ្នាំក្រោយ។
ប៉ូលិសនិយាយថា ចំនួនបាតុករនៅកណ្ដាលក្រុងហ្សាកាតា បានកើនឡើងដល់ប្រហែល ១៥ម៉ឺននាក់ តែប៉ុន្មានម៉ោងក្រោយពីពួកគេប្រមូលផ្ដុំគ្នានៅជុំវិញវិមានប្រធានាធីបតី លោក ចូកូ វីដូដូ៕