យោធាភូមា ឲ្យដឹងថា ទាហានរបស់ខ្លួន បានសម្លាប់មនុស្ស ៦នាក់ និងបាត់បង់ទាហារ ២នាក់ នៅក្នុងការប៉ះទង្គិចជាមួយជនវាយប្រហារនៅរដ្ឋរ៉ាក់ឃីន កាលពីថ្ងៃម្សិលមិញដែលនេះគឺជាការផ្ទុះឡើងនូវអំពើហិង្សាថ្មីបំផុតនៅតំបន់រួមរិតទៅដោយវិបត្តិមួយនេះ។ នេះយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
AFP បានបន្តថា រដ្ឋរ៉ាក់ឃីន ដែលជាស្រុកកំណើតរបស់ក្រុមជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា និងមានព្រំដែនជាប់ជាមួយប្រទេសបង់ក្លាដែសនោះ បានស្ថិតនៅក្រោមការឃុំគ្រងរបស់ពួកយោធា ចាប់តាំងពីមានការវាយប្រហារទៅលើប៉ុស្តិ៍នៅតាមព្រំដែនកាលពីខែមុន ដែលបណ្ដាលឲ្យប៉ូលិស ៩នាក់ស្លាប់។
បើតាម AFP ទាហានភូមាបានសម្លាប់មនុស្សរាប់សិបនាក់ និងចាប់ខ្លួនជាច្រើននាក់ទៀត នៅក្នុងការស្វែងរកជនវាយប្រហារ ដែលរដ្ឋាភិបាលនិយាយថា គឺជាក្រុមបះបោរជ្រុលនិយមរ៉ូហ៊ីងយ៉ាង ជាមួយទំនាក់ទំនងនឹងក្រុមអ៊ីស្លាមនិយមនៅឯបរទេស។
វិបត្តិ និងរបាយការណ៍អំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ បានបង្កឲ្យមានសម្ពាធកាន់តែខ្លាំងពីអន្តរជាតិ ទៅលើរដ្ឋាភិបាលស៊ីវិលថ្មីរបស់ភូមា និងបានបង្កឲ្យមានការចោទសួរអំពីសមត្ថភាពរបស់រដ្ឋាភិបាល ទៅលើការគ្រប់គ្រងយោធា៕