ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama បានផ្សាយថា វេទិកាជួបជុំដ៏ធំមួយ នឹងត្រូវបានគេរៀបចំឡើង នៅថ្ងៃទី០៤ ខែធ្នូខាងមុខនេះ ដើម្បបង្ហាញក្ដីបារម្ភរបស់សង្គមម៉ាឡេស៊ី ជុំវិញបញ្ហាជនមូស្លីមរ៉ូហ៊ីងយ៉ា។
ដោយផ្អែកតាមសម្ដីរបស់ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលលោក អាមេដ ហ្សាហ៊ីដ ហាមីឌី ទីភ្នាក់ងារព័ត៌មាន Bernama បានផ្សាយបន្តថា វេទិកានោះ នឹងមានការចូលរួមពីសំណាក់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ និងមេដឹកនាំដទៃទៀត ក្នុងនោះមានទាំងប្រធានគណបក្ស PAS របស់ម៉ាឡេស៊ី លោក អាប់ឌុល ហាឌី អាហ្វាង ផងដែរ។
លោក អាមេដ ហ្សាហ៊ីដ ហាមីឌី បានជំរុញមេដឹកនាំគណបក្សដទៃទៀត ឲ្យចូលក្នុងកិច្ចប្រជុំនោះផងដែរ ប៉ុន្តែ គេមិនទាន់ដឹងច្បាស់ថា វេទិកានោះនឹងរៀបចំធ្វើឡើងនៅទីណានោះទេ។
លោក អាមេដ ហ្សាហ៊ីដ ហាមីឌី បញ្ជាក់ថា ម៉ាឡេស៊ីបានបញ្ចេញសកម្មភាពច្រើនជាងប្រទេសដទៃទៀត ជុំវិញបញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ក្នុងនោះមានទាំងការផ្ដល់សំបុត្រកំណើតចេញដោយម៉ាឡេស៊ី ទៅដល់ទារករបស់ជនជាតិរ៉ូហ៊ីងយ៉ាង ដែលចាប់កំណើតនៅក្នុងប្រទេសនេះ។
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បន្ថែមថា ម៉ាឡេស៊ីនឹងបញ្ជូនកំណត់ទូតតវ៉ាមួយទៅរដ្ឋាភិបាលភូមា ដើម្បីបង្ហាញក្ដីបារម្ភរបស់ពួកគេចំពោះការធ្វើទុក្ខបុកម្នេញលើសហគមន៍រ៉ូហ៊ីងយ៉ាងនៅតំបន់រ៉ាកឃីន៕